(ភ្នំពេញ)÷ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងបានដឹកនាំកិច្ចប្រជុំពិភាក្សា និងកែសម្រួលលើកំណត់ហេតុ(MOD) សម្រាប់ការវាយតម្លៃលើវិធានការផ្គត់ផ្គង់ទឹក និងកាត់បន្ថយទឹកជំនន់ព្រែកនៀលស្ថិតនៅក្នុងខេត្តស្វាយរៀង ជាមួយក្រុមបេសកកម្មរបស់ធនាគារ Eximbank នៃប្រទេសកូរ៉េ នៅបន្ទប់ប្រជុំរំដួល នៃទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។
សូមជម្រាបថា កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោក លោកស្រី មន្រ្តីបច្ចេកទេសនៃអង្គភាពគ្រប់គ្រងគម្រោងនៃក្រសួងធនធានទឹក និងឧតុនិយម លោក Joun-Sok Kim តំណាងធនាគារ K-Eximbank/EDCF-HQ មកពីទីស្នាក់ការកណ្តាល លោកស្រី Minnie Chey នាយិកាប្រតិបត្តិ EDCF ប្រចាំកម្ពុជា ព្រមទាំងសហការី នៃធនាគារអាហរ័ណ និហរ័ណ K-Eximbank និងក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ និងសហការី។
ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍ឱ្យដឹងថា ក្រុមបេសកកម្មនេះមានរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃ២៣-២៦ ខែមេសា ឆ្នាំ២០២៤ ក្នុងការប្រមូលព័ត៌មាន និងទិន្នន័យដែលត្រូវការសម្រាប់ការវាយតម្លៃគម្រោង ដើម្បីបញ្ចប់ការពិភាក្សាលើកំណត់ហេតុ (MOD)។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា តាមការស្នើឡើងពីក្រុមការងារបេសកកម្មភាគីពាក់ព័ន្ធនឹងចុះហត្ថលេខាលើកំណត់ហេតុ(MOD) ក្នុងកិច្ចប្រជុំនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សូមបញ្ជាក់ថា កិច្ចពិភាក្សាបានបញ្ចប់ក្រោមបរិយាកាសរីករាយ និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ដៃគូអភិវឌ្ឍន៍ភាគីកូរ៉េ លើកិច្ចដំណើរការបំពេញបេសកកម្មស្វែងរកការពិតលើកទីពីរសម្រាប់គម្រោងផ្គត់ផ្គង់ទឹក និងកាត់បន្ថយទឹកជំនន់ព្រែកនៀល ក្នុងខេត្តស្វាយរៀង៕