(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ផ្ញើលិខិតចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងសោកស្ដាយជាពន់ពេក ចំពោះមរណភាពរបស់ឧត្តមសេនីយ៍ទោ រស់ សារិទ្ធ មេបញ្ជាការង បញ្ជាការដ្ឋានកាំភ្លេីងធំ អគ្គបញ្ជាការដ្ឋាន ត្រូវជាស្វាមីរបស់លោកជំទាវ អោម សម្ព័ស ដែលបានទទួលមរណភាព នៅវេលា ម៉ោង១៤:១០នាទី ថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ក្នុងជន្មាយុ៥៩ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសមានទុក្ខដ៏ធំធេង និងសោកស្តាយស្រណោះ អាឡោះអាល័យជាទីបំផុត ចំពោះមរណភាពរបស់ឧត្តមសេនីយ៍ទោ រស់ សារិទ្ធ ដែលជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក និងជីតា ជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បង់នូវធនធានមនុស្សមួយរូប ក្នុងកងយោធពលខេមរភូមិន្ទ បានរួមចំណែកធ្វើពលិកម្ម គ្រប់បែបយ៉ាងប្រកបដោយឆន្ទៈ មនសិការដ៏មោះមុត និងបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីក្នុងបុព្វហេតុជាតិ មាតុភូមិ។
យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធឧត្តមសេនីយ៍ទោ រស់ សារិទ្ធ បានចាប់បដិសន្ធិ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕