(កំពង់ឆ្នាំង)៖នៅថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងធ្វើការសិក្សាជាក់ស្តែង ដើម្បីរៀបចំយុទ្ធសាស្ត្រកាត់បន្ថយជាអតិបរមានូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ក្នុងបណ្តាស្រុកមួយចំនួនរបស់ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ក្រុមការងារបច្ចេកទេសបានចុះពិនិត្យផ្ទាល់លើប្រតិបត្តិការគម្រោងប្រឡាយពហុបំណងមេគង្គ-ទន្លេសាប ដោយធ្វើការនាំទឹកពីទន្លេមេគង្គត្រង់ចំណុចស្ពានអង្គរបាន ក្នុងស្រុកកងមាស ឆ្លងកាត់ស្រុកព្រៃឈរ ស្រុកជើងព្រៃ និងស្រុកបាធាយ ខេត្តកំពង់ចាម មកកាន់បឹងទន្លេសាបក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា គម្រោងនេះគឺរំដោះទឹក និងបង្វែរទឹកចេញពីបណ្តាតំបន់ខាងលើមកកាន់បឹងទន្លេសាប ហើយបញ្ចេញមកប្រើប្រាស់វិញក្នុងរដូវប្រាំងលើគ្រប់វិស័យដោយសុវត្ថិភាពមិនប្រកាន់រដូវ៕