(ព្រៃវែង)៖រសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញរដ្ឋបាលលើកុំព្យូទ័រ និងជំនាញកាត់តវីដេអូលើកុំព្យូរទ័រ និងទូរស័ព្ទដៃជំនាន់ទី២ និងបើកវគ្គជំនាន់ទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង។
វគ្គបណ្តុះបណ្តាលនេះគឺជាការរួមចំណែកជាមួយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាគ្រឹះសម្រាប់ប្អូនៗ ក្មួយៗ អោយប្រែក្លាយទៅជាធនធានមនុស្សប្រកបដោយសក្កានុពល ស្របតាមការអភិវឌ្ឍសង្គមជាតិ សម័យកាលបច្ចេកវិទ្យាថ្មីៗ ដែលហៅថាសង្គមឌីជីថល។
សូមបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលជំនាន់ទី២ នេះមានយុវជន និងក្មួយៗ មកទទួលការបណ្តុះបណ្តាលចំនួន ៥៧៤រូប កើនចំនួន ៩៦រូបបើធៀបនឹងជំនាន់ទី១។ ដោយឡែកបន្ទាប់ពីបានផ្សព្វផ្សាយការបើកវគ្គបណ្តុះបណ្តាលជំនាន់ទី៣ កន្លងមកនេះ ក្រុមការងារបណ្តុះបណ្តាលរបស់រដ្ឋបាលខេត្ត បានទទួលអ្នកចុះឈ្មោះ ចំនួន ៨៣៤នាក់ រួចមកហើយផងដែរ។
កិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ឯកឧត្តម តំណាងស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ ឯកឧត្តមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ឯកឧត្តមប្រធានក្រុមការងារអភិវឌ្ឍន៍យុវជនខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលនៃគណៈអភិបាលក្រុង ស្រុក នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត និងសិស្ស និស្សិត សរុបប្រមាណ៧១១អង្គ/រូប។