ព័ត៌មានជាតិ

លោក ផាង វី ដឹកនាំមន្ត្រីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយមចុះពិនិត្យវឌ្ឍនភាពគម្រោងថែទាំខួបប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃខាងជើង ក្នុងខេត្តកំពង់ស្ពឺ

 

(កំពង់ស្ពឺ)÷នៅព្រឹកថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេស សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺចុះពិនិត្យវឌ្ឍនភាពការងារថែទាំខួបនៃប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃខាងជើង ក្នុងសង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

សូមជម្រាបថា ប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃខាងជើងមានប្រភពទឹកមកពីស្ទឹងព្រែកត្នោត និងអាងទឹកចាន់ថ្នាល ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវរដូវវស្សាចំនួន ២៤៦៣ហិកតា ស្រូវប្រាំងចំនួន ២៧៥ហិកតា និងដំណាំរួមផ្សំចំនួន ៣០ហិកតា។

បើតាមលោកប្រធាននាយកដ្ឋានបានឱ្យដឹងថា គិតមកដល់ពេលនេះ វឌ្ឍនភាពនៃគម្រោងថែទាំខួបនៃប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃខាងជើងសម្រេចបានដូចតទៅ៖ ទី១)ការងារជួសជុលខ្នងនិងជើងទេរប្រឡាយមេប្រវែង ១៤ ៥០០ម៉ែត្រ សម្រេចបាន៥០% ទី២)ការងារជួសជុលសំណង់សិល្បការចំនួន ២៧កន្លែង សម្រេចបាន១០% និងទី៣) ការងារសាងសង់សំណង់ថ្មីចំនួន ៣កន្លែង សម្រេចបាន៣៥%។

ក្នុងឱកាសនោះ លោកប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្មបានថ្លែងនូវការកោតសរសើរដល់ក្រុមការងារសាងសង់ចំពោះលទ្ធផលដែលសម្រេចបាន និងបានណែនាំដល់ក្រុមការងារឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់លើបទដ្ឋានបច្ចេកទេស និងគុណភាព ធ្វើយ៉ាងណាសំណង់ឱ្យមានភាពរឹងមាំល្អ ជាប្រយោជន៍ក្នុងការប្រើប្រាស់បានយូរអង្វែង។

គួរបញ្ជាក់ថា នាយកដ្ឋានធារាសាស្ត្រកសិកម្ម បាននិងកំពុងអនុវត្តគម្រោងថែទាំខួបនៃប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃខាងជើង ដែលស្ថិតនៅសង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ លើទំហំការងារដូចជា៖ ទី១) ជួសជុលប្រឡាយមេចំនួន ១ខ្សែ ប្រវែង ១៤ ៥០០ម៉ែត្រ លើ ២៤ ០០០ម៉ែត្រ ទី២)ជួសជុលសំណង់សិល្បការចំនួន ២៧កន្លែង ក្នុងនោះជួសជុលសំណង់បង្ហៀរចំនួន ២កន្លែង ប្រវែង ២៥ម៉ែត្រ និងជួសជុលសំណង់សិល្បការចំនួន ២៥កន្លែង និងទី៣) សាងសង់សំណង់សិល្បការថ្មីចំនួន ៣កន្លែង៕