ព័ត៌មានជាតិ

លោកប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្មអញ្ជើញចុះពិនិត្យការងារថែទាំខួបប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃខាងជើង ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ

 

ខេត្តកំពង់ស្ពឺ៖ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ អមដំណើរដោយមន្ត្រីបច្ចេកទេស និងមានកិច្ចសហការពីលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានអញ្ជើញចុះពិនិត្យការងារថែទាំខួបប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃខាងជើង ក្នុងសង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

លោកប្រធាននាយកដ្ឋានមានប្រសាសន៍ថា ប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃខាងជើងមានប្រភពទឹកមកពីស្ទឹងព្រែកត្នោត និងអាងទឹកចាន់ថ្នាល មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវរដូវវស្សាចំនួន ២៤៦៣ហិកតា និងស្រូវប្រាំងចំនួន ២៧៥ហិកតា ព្រមទាំងដំណាំរួមផ្សំចំនួន ៣០ហិកតា។

លោក ផាង វី បានបន្តឱ្យដឹងថា នាយកដ្ឋានធារាសាស្ត្រកសិកម្ម បាននិងកំពុងអនុវត្តគម្រោងថែទាំខួបនៃប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃខាងជើង ដែលស្ថិតនៅសង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ លើទំហំការងារដូចជា៖ ទី១)ជួសជុលប្រឡាយមេចំនួន ១ខ្សែ ប្រវែង ១៤ ៥០០ម៉ែត្រ លើ ២៤ ០០០ម៉ែត្រ ទី២)ជួសជុលសំណង់សិល្បការចំនួន ២៧កន្លែង ក្នុងនោះជួសជុលសំណង់បង្ហៀរចំនួន ២កន្លែង ប្រវែង ២៥ម៉ែត្រនិងជួសជុលសំណង់សិល្បការចំនួន២៥កន្លែង និងទី៣) សាងសង់សំណង់សិល្បការថ្មីចំនួន ៣កន្លែង៕

លោកប្រធាននាយកដ្ឋានបានបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ វឌ្ឍនភាពការងារសម្រេចបានមានដូចជា៖
– ការងារជួសជុលខ្នងនិងជើងទេរប្រឡាយមេប្រវែង ១៤ ៥០០ ម៉ែត្រ សម្រេចបាន ៥០%
– ការងារជួសជុលសំណង់សិល្បការចំនួន ២៧កន្លែង សម្រេចបាន ១០%
– ការងារសាងសង់សំណង់ថ្មីចំនួន ៣ កន្លែង សម្រេចបាន ៣៥%។

ឆ្លៀតក្នុងឱកាសចុះពិនិត្យការងារ លោកប្រធាននាយកដ្ឋានបានកោតសរសើរដល់ក្រុមការងារសាងសង់ចំពោះលទ្ធផលដែលសម្រេចបាន និងបានណែនាំដល់ក្រុមការងារឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់លើបទដ្ឋានបច្ចេកទេស និងគុណភាព ធ្វើយ៉ាងណាឱ្យសំណង់មានភាពរឹងមាំល្អ ជាប្រយោជន៍ក្នុងការប្រើប្រាស់បានយូរអង្វែង៕