ព័ត៌មានជាតិ

ឯកឧត្តម​រដ្ឋមន្ត្រី​ ថោ ជេដ្ឋា​ អញ្ជើញចុះពិនិត្យ​​ការងារអន្តរាគមន៍បូមទឹក​សង្គ្រោះស្រូវប្រាំង​របស់ប្រជាពលរ​ដ្ឋ​ ​ក្នុង​ស្រុកស្ទោង​ ខេត្តកំពង់ធំ

 

(កំពង់ធំ)៖នៅព្រឹកថ្ងៃ​ចន្ទ​ ១៤​រោច​ ខែ​បុស្ស​ ឆ្នាំ​រោង​ ឆស័ក​ ពុទ្ធសករាជ​ ២៥៦៨​ ត្រូវនឹងថ្ងៃទី​២៧​ ខែ​មករា​ ឆ្នាំ​២០២៥​ នេះ​ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យ​ការងារ​អន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង​ដែលកំពុងខ្វះខាតទឹកស្រោចស្រព​ប្រមាណ ៣៨៥ ហិកតា របស់បងប្អូនប្រជាកសិករប្រមាណ​ ៥០១គ្រួសារ​ ក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដែល​​កិច្ចអន្តរាគមន៍បានចាប់ផ្តើមតាំងពីថ្ងៃទី១៩​ ខែមករា ឆ្នាំ​២០២៥​ ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកចំនួន​ ២គ្រឿង។​

ក្នុងឱកាសនោះ​ ឯកឧត្តម​រដ្ឋមន្ត្រីបានបញ្ជាក់​ប្រាប់ដល់​បងប្អូន​ប្រជាកសិករ​ ពីការគិតគូរជួយ​ដោះស្រាយនូវទុក្ខលំបាក​ និង​បញ្ហាប្រឈម​ចំពោះមុខរបស់បងប្អូន ដោយ​ការ​យកចិត្តទុកដាក់ខ្ពស់​​ពីសំណាក់​ប្រមុខរាជរដ្ឋាភិបាល ​​សម្ដេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ និង​ក្នុងនាម​ក្រសួងធនធានទឹក និង​ឧតុនិយម​ដែលជាសេនាធិការ​ គឺធ្វើយ៉ាងណា​ខិតខំឱ្យអស់ពីលទ្ធភាព​ក្នុងការបូមទឹក​សង្គ្រោះស្រូវប្រាំង​របស់បងប្អូន​ឱ្យបានគ្រប់គ្នា​ និងទាន់ពេលវេលា​។

សូមជម្រាប​ថា​ ក្រុមការងារអន្តរាគមន៍របស់​​ក្រសួង និង​មន្ទីរធនធានទឹក​ និង​ឧតុនិយម​ខេត្តកំពង់ធំ​ ​បានប្រើប្រាស់​ម៉ាស៊ីនបូមទឹក​ចំនួន ៨គ្រឿង​ ដោយធ្វើការបូមទឹក​ពីប្រភពផ្សេងៗ រួមមាន​ ​​បឹងបន្ទះជៀល​ អាងទឹកស្ទឹងជីនិត​ ប្រឡាយមេស្ទឹងជីនិត​ ស្ទឹងស្ទោង​ និង​បូមបន្ត​ចូល​ប្រឡាយ​រង ដើម្បីជួយសង្គ្រោះស្រូវរដូវ​ប្រាំង​ប្រមាណ ១៧៤៩ ហិកតា នៅតាមបណ្តាឃុំ​ ក្នុង​ស្រុកចំនួន៤ នៃខេត្តកំពង់ធំ​ ក្នុងនោះ​ ទី​១)ឃុំសាន់គ​ ស្រុកកំពង់ស្វាយ​ចំនួន​ ១០០០ហិកតា ទី២)​ឃុំកំពង់ថ្ម​ ស្រុកសន្ទុក​ ១៦០ហិកតា​ ទី៣)​ឃុំទ្រៀល ស្រុកតាំងគោកចំនួន ២០៤ហិកតា​ និង​ទី៤)​ឃុំបន្ទាយស្ទោង​ ស្រុកស្ទោង​ចំនួន​ ៣៨៥ហិកតា។​​ គិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ ក្រុមការងារបានអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងបានប្រមាណ​ ៧៨៨ហិកតា ក្នុងនោះ​ ឃុំសាន់គបានចំនួន ៣៦៧​ហិកតា ឃុំកំពង់ថ្មបាន ១៦០ហិកតា ឃុំទ្រៀលបាន ១៤៦ហិកតា និងឃុំបន្ទាយស្ទោងបាន ១១៥​ហិកតា។

សូមបញ្ជាក់ថា​ ក្រុមការងារ​អន្តរាគមន៍​ក្រសួង និង​មន្ទីរធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់​ធំ​កំពុង​បន្តបូមទឹក​ជួយសង្រ្គោះ​ស្រូវប្រាំង​របស់បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិសាស្ត្រ​ខាងលើ​ ​​ដោយការយកចិត្តទុកដាក់បំផុត​៕​