ព័ត៌មានជាតិ

ក្រុមការងាររបស់ធនាគារ ARDB បានចូលរួម ពិធីប្រគល់ និងទទួលសៀវភៅកម្រងសម្រង់បទបញ្ញត្តិគតិយុត្ត ចំនួន ១៨៥ក្បាល ពីក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មកឱ្យបណ្ណាល័យនៃធនាគារ ARDB

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ក្រុមការងាររបស់ធនាគារ ARDB បានចូលរួម ពិធីប្រគល់ និងទទួលសៀវភៅកម្រងសម្រង់បទបញ្ញត្តិគតិយុត្ត ចំនួន ១៨៥ក្បាល ពីក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មកឱ្យបណ្ណាល័យនៃធនាគារ ARDB ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងការផ្តល់សេវាបណ្ណាល័យជូនដល់អ្នកអាន និងអ្នកសិក្សាស្រាវជ្រាវទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះ ត្រូវបានធ្វើទ្បើងនៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីលោកស្រី សុប គាម តំណាងក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសហការី។

ឆ្លៀតឱកាសនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំពោះទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លានេះ និងសូមជូនពរ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន ទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ ព្រមទាំងជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតទ្បើយ។