ព័ត៌មានជាតិ

ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម សហប្រធានក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ អញ្ជើញដឹកនាំកិច្ចប្រជុំត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ លើកទី៥

 

(ភ្នំពេញ)៖នៅថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ និងជាសហប្រធានក្រុមការងារត្រីវិស័យ កសិកម្ម ទឹក ជនបទ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ លើកទី៥ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារត្រីវិស័យ លេខាធិការដ្ឋានក្រុមការងារត្រី-វិស័យ និងតំណាងគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីពិនិត្យលើវឌ្ឍនភាពការងាររបស់លេខាធិការដ្ឋានក្រុមការងារត្រី-វិស័យ និងជាពិសេសដើម្បីពិភាក្សា និងផ្តល់យោបល់លើការរៀបចំផែនការ ៣ឆ្នាំរំកិល (២០២៥-២០២៧) និងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ ដើម្បីផ្តល់កិច្ចអន្តរាគមន៍រួមដល់សហគមន៍គោលដៅ ដែលបានជ្រើសរើស និងឯកភាពសម្រាប់ជំហានទី១។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា ឆ្លងតាមការពិភាក្សា និងការពិនិត្យយ៉ាងហ្មត់ចត់ កិច្ចប្រជុំបានស្នើឱ្យលេខាធិការដ្ឋានក្រុមការងារត្រី-វិស័យ កែសម្រួលលើខ្លឹមសារនៃសេចក្ដីព្រាងផែនការ៣ឆ្នាំរំកិល និងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ ជំហានទី១ សម្រាប់សហគមន៍គោលដៅចំនួន៣ និងបន្តបំពេញបន្ថែមសម្រាប់សហគមន៍គោលដៅចំនួន២ទៀត ដែលនៅខ្វះខាត ដើម្បីដាក់ឆ្លងក្រុមការងារត្រី-វិស័យ ពិនិត្យ និងសម្រេចនៅកិច្ចប្រជុំលើកក្រោយ មុននឹងដាក់ជូនថ្នាក់ដឹកនាំក្រសួងទាំងបីនៃក្រុមការងារត្រី-វិស័យ ពិនិត្យ និងឯកភាព៕