(សៀមរាប)៖នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាកិត្តិយសក្នុងពិធីប្រកាសជាផ្លូវការដាក់ឲ្យអនុវត្តការកែទម្រង់ប្រព័ន្ធលក់សំបុត្រនិងត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរខេត្តសៀមរាប នៅសណ្ឋាគារសុខាសៀមរាប ក្រោមអធិបតីភាពឯកឧត្តម នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា សមិទ្ធផលការងារនៅថ្ងៃនេះ គឺសរបញ្ជាក់ពីវឌ្ឍនភាពនៃវិស័យទេសចរណ៍បន្ទាប់ពីទទួលរងដោយវិបត្តិកូវីដ១៩ ហើយជាការងារបន្ត គ្រប់ស្ថានប័នពាក់ព័ន្ធទាំងអស់ មិនចំពោះតែវិស័យទេចរណ៍នោះទេ ត្រូវរួមគ្នាពង្រឹងគុណភាពបដិសណ្ឋារកិច្ច សេវាកម្មទេសចរណ៍ និងតម្លៃឱ្យបានល្អប្រសើរ ដើម្បីលើកកម្ពស់កិត្យានុភាពរបស់កម្ពុជា តាមរយៈការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ សុខសន្តិភាព រួមនឹងសោភ័ណភាព ភាពស្អាតរបស់កម្ពុជាក្នុងចំណោមទេសចរជាតិ និងអន្តរជាតិ៕