នៅថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នេះ នាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានរាយការណ៍ពីវឌ្ឍនភាព ការងារជួសជុលថែទាំខួបប្រព័ន្ធធារាសាស្ដ្រនៅតាមបណ្តាខេត្តមួយចំនួនដែលបាននិងកំពុងអនុវត្តផ្ទាល់ដោយនាយកដ្ឋាន។
បើតាមលោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្មបានឱ្យដឹងថា បច្ចុប្បន្ន នាយកដ្ឋានបាននិងកំពុងអនុវត្តការងារថែទាំខួបលើប្រព័ន្ធធារាសាស្ត្រក្នុងខេត្តចំនួន៥ រួមមាន៖ ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។
លោកប្រធាននាយកដ្ឋានបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នេះ វឌ្ឍនភាពការងារជួសជុលថែទាំខួបប្រព័ន្ធធារាសាស្ត្រនៅតាមខេត្តទាំងនោះសម្រេចបានដូចតទៅ៖
ទី១)ប្រព័ន្ធធារាសាស្ត្រស្ពានស្រែង ស្ថិតនៅឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ការងារជួសជុលខ្នងនិងជើងទេរទំនប់ប្រវែង ២៣០០ម៉ែត្រ សម្រេចបាន៤៥% ការងារជួសជុលខ្នងនិងជើងទេរប្រឡាយប្រវែង ១៩ ២០០ម៉ែត្រ សម្រេចបាន៣០% ការងារជួសជុលសំណង់ចំនួន ៤៥កន្លែង សម្រេចបាន២០% និងការងារសាងសង់សំណង់ថ្មីចំនួន ១កន្លែង សម្រេចបាន៣០%។
ទី២)ប្រព័ន្ធធារាសាស្ត្រប្រឡាយមេរលាំងជ្រៃខាងជើង ស្ថិតនៅសង្កាត់រកាធំ ក្រុងរកាធំ ខេត្តកំពង់ស្ពឺ ការងារជួសជុលខ្នងនិងជើងទេរប្រឡាយប្រវែង ១៤ ៥០០ម៉ែត្រ សម្រេចបាន៥០% ការងារជួសជុលសំណង់ចំនួន ២៧កន្លែង សម្រេចបាន១០% និងការងារសាងសង់សំណង់ថ្មីចំនួន ៣កន្លែង សម្រេចបាន៣៥%។
ទី៣)ប្រព័ន្ធធារាសាស្ត្រឆ្នុកទ្រូ ស្ថិតនៅឃុំព្រៃស្នៀត និងឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ការងារជួសជុលខ្នង និងជើងទេរទំនប់ប្រវែង ៥៧០០ម៉ែត្រ សម្រេចបាន៤២% ការងារជួសជុលខ្នងនិងជើងទេរប្រឡាយប្រវែង ៣១៧០ម៉ែត្រ សម្រេចបាន៤២% ការងារជួសជុលសំណង់ចំនួន ២៧កន្លែង សម្រេចបាន៤២% និងការងារសាងសង់សំណង់ថ្មីចំនួន ៥កន្លែង សម្រេចបាន៤២%។
ទី៤) ប្រព័ន្ធធារាសាស្ត្រស្ពានស្រែងត្រពាំងអំបិល ស្ថិតនៅឃុំតាអាន និងជន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ការងារជួសជុលខ្នងនិងជើងទេរទំនប់ប្រវែង ៤ ០០០ម៉ែត្រ សម្រេចបាន៤០% ការងារជួសជុលខ្នងនិងជើងទេរប្រឡាយប្រវែង ៧ ៨៥០ម៉ែត្រ សម្រេចបាន៤៥% ការងារជួសជុលសំណង់ចំនួន ៣៤កន្លែង សម្រេចបាន១០% ការងារសាងសង់សំណង់ថ្មីចំនួន ១កន្លែង សម្រេចបាន២០%។
ទី៥)ប្រព័ន្ធធារាសាស្ត្រទំនប់លោក ស្ថិតនៅឃុំកូនក្រៀល ស្រុកសំរោង ខេត្តឧត្ដរមានជ័យ ទើបចាប់ផ្តើមចុះអនុវត្តការងារជួសជុលខ្នងនិងជើងទេរទំនប់ប្រវែង ៣ ៣០០ម៉ែត្រ ការងារជួសជុលខ្នងនិងជើងទេរប្រឡាយប្រវែង ៥ ១៨០ម៉ែត្រ ការងារជួសជុលសំណង់ចំនួន ៣២កន្លែង និងការងារសាងសង់សំណង់ថ្មីចំនួន ២កន្លែង៕