ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចការងារនៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

 

(ភ្នំពេញ)÷ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) និងលោកជំទាវ កែ សួនសុភី ស សុខា នាយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចការងារ នៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ រយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។

ទស្សនកិច្ចនេះ ធ្វើឡើងដោយមានការសម្របសម្រួល និងគាំទ្រពីរដ្ឋាភិបាលសហព័ន្ធស្វីស និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ នេះជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកទី២ របស់ ឯកឧត្តមអភិសន្តិបណ្ឌិត គិតចាប់ពីថ្ងៃចូលកាន់មុខតំណែងជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងទស្សនវិស័យជឿនលឿនរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា។ ទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.ប. ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម ចាន់ សុធា ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ គ.ជ.អ.ប និងថ្នាក់ដឹកនាំស្រ្តីនៃរដ្ឋបាលថ្នាក់ក្រោមជាតិមួយចំនួនទៀត។

ដំណើរទស្សនកិច្ចរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត និងគណៈប្រតិភូ គឺធ្វើឡើងក្នុងគោលបំណងដកស្រង់បទពិសោធន៍បន្ថែមទៀត លើប្រព័ន្ធគ្រប់គ្រង និងការអនុវត្តល្អៗពីប្រទេសស្វីស និងពីប្រទេសអាល្លឺម៉ង់ ដើម្បីបន្តជំរុញដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាន នៅព្រះរាជាណាចក្រកម្ពុជា។

គួរជម្រាបជួបដែរថា អាល្លឺម៉ង់ គឺជាប្រទេសរួមចំណែកយ៉ាងសកម្មក្នុងកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ រួមទាំងកំណែទម្រង់រដ្ឋបាលសាធារណៈ ចាប់តាំងពីឆ្នាំ២០០២។ ចំណែកប្រទេសស្វីស តាមរយៈការិយាល័យទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) ប្រចាំនៅកម្ពុជា ក៏បាននឹងកំពុងរួមចំណែកគាំទ្រដល់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រួមទាំងការពង្រឹងគណនេយ្យភាពសង្គមនៅកម្ពុជាផងដែរ៕