ខេត្តឧត្តរមានជ័យ៖ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោងនៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងាររបស់អង្គភាព សហការជាមួយមន្ត្រីបច្ចេកទេសនាយកដ្ឋានធារាសាស្រ្តកសិកម្ម និងមន្រ្តីជំនាញនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ចុះពិនិត្យគម្រោងការងារថែទាំខួបប្រព័ន្ធធារាសាស្ត្រទំនប់លោក ស្ថិតក្នុងខេត្តឧត្តរមានជ័យ។
សូមជម្រាបថា ប្រព័ន្ធធារាសាស្រ្តទំនប់លោកបានទទួលប្រភពទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់និងមួយភាគទៀតពីជួរភ្នំដងរែក មកធ្វើការស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្មស្រូវវស្សាចំនួន ៨៨១ហិកតា ស្រូវប្រាំងចំនួន ២៥០ហិកតា និងដំណាំរួមផ្សំចំនួន ៣០ហិកតា។ ប្រព័ន្ធធារាសាស្ត្រនេះមានសារសំខាន់សម្រាប់បម្រើឱ្យប្រជាជនចំនួន ៩៥៣គ្រួសារ ក្នុងភូមិចំនួន៥ នៃសង្កាត់កូនគ្រៀល ក្រុងសំរោង។
ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា ប្រព័ន្ធធារាសាស្ត្រនេះបានជួសជុលនិងស្តារឡើងវិញនៅឆ្នាំ២០១៥ ក្រោមហិរញ្ញប្បទានឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ ចាប់ពីឆ្នាំ២០១៥ មក ប្រព័ន្ធធារាសាស្ត្រនេះ ពុំធ្លាប់ទទួលបានគម្រោងជួសជុល និងស្តារឡើងវិញនោះទេ។
ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា ក្នុងឆ្នាំ២០២៤នេះ នាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានទទួលគម្រោងការងារថែទាំខួបលើហេដ្ឋារចនាសម្ព័ន្ធទំាងមូលនៃប្រព័ន្ធធារាសាស្ត្រទំនប់លោក ដោយបានជួសជុលទំនប់ចំនួន២ខ្សែ ប្រវែង៣៣០០ម៉ែត្រ ប្រឡាយមេចំនួន២ខ្សែ ប្រវែង៥១៨០ម៉ែត្រ ជួសជុលសំណង់បង្ហៀរចំនួន១កន្លែងប្រវែង ១៥០ម៉ែត្រ ថែទាំសំណង់សិល្បការដែលមានស្រាប់រួមមាន សំណង់បង្ហៀរចំនួន១ កន្លែង សំណង់សិល្បការតូច-ធំចំនួន ៣០កន្លែង សាងសង់សំណង់ស្ទាក់ទឹក (ទ្វារ២) បន្ថែមថ្មីចំនួន ១កន្លែង និងរៀបថ្មការពារជើងទេរទំនប់ប្រវែង ៣៥០ម៉ែត្រ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានផ្តាំផ្ញើដល់ក្រុមការងារអនុវត្តគម្រោង ត្រូវយកចិត្តទុកដាក់លើការងារជួលជុលសំណង់ដី ការថែទាំសំណង់សិល្បការដែលមានស្រាប់ និងការសាងសង់សំណង់ថ្មីបន្ថែម ឱ្យមានគុណភាព សោភ័ណភាព ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានណែនាំដល់សហគមន៍កសិករប្រើប្រាស់ទឹក ចុះផ្សព្វផ្សាយការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រ និងចូលរួមថែរក្សាប្រព័ន្ធនេះឱ្យមាននិរន្តរភាព សម្រាប់ការងារស្រោចស្រព និងការប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋបានយូរអង្វែង៕