ព័ត៌មានជាតិ

ឯកឧត្តម សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងពិធី ប្រគល់​ទទួលរថយន្តដល់រដ្ឋបាលខេត្តគោលដៅនៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា

 

(ភ្នំពេញ )÷នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤នេះ
ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធានអចិៃន្ត្រយ៍ នៃគ.ជ.អ.បបា​នអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់
ក្នុងពិធី ប្រគល់​ទទួលរថយន្តដល់រដ្ឋបាលខេត្តគោលដៅទាំង៩ នៃគម្រោងអាហារូបត្ថម្ភ នៅកម្ពុជា ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាល អភិបាលរងខេត្តគោលដៅ រួមជាមួយអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។​

ឯកឧត្តម សក់ សេដ្ឋា បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ គម្រោងគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តដែលបាន សម្របសម្រួល គាំទ្រប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ឱ្យសម្រេចបានលទ្ធផលជាផ្លែផ្កាចាប់តាំងពីការផ្តើមអនុវត្តគម្រោងរហូតមកដល់ពេលនេះ។ ឯកឧត្តមបានបន្តថា
រាជរដ្ឋាភិបាលបានចាត់ទុកកំណែទម្រង់អភិបាលកិច្ចជាស្នូលនៃយុទ្ធសាស្ត្រចតុកោណដំណាក់ទាំង៤ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ហើយកំណែទម្រង់អភិបាលកិច្ចនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីឈានឆ្ពោះទៅសម្រេចឱ្យបាននូវឋានៈ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០។ ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលបាននិងកំពុងធ្វើទំនើបកម្មយ៉ាងទូលំទូលាយ និងស៊ីជម្រៅនូវប្រព័ន្ធអភិបាលកិច្ច តាមរយៈកម្មវិធីកំណែទម្រង់នានា រួមមាន កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឬហៅថាកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ កំណែទម្រង់ច្បាប់ និងកំណែទម្រង់តាមវិស័យនានា។ ឯកឧត្តមបន្ថែមថា ក្នុងក្របខណ្ឌនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កន្លងមកនេះ លេខាធិការដ្ឋាន គ.ជ.អ.ប រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានាបានកៀរគរ និងអនុវត្តនូវគម្រោង និងកម្មវិធីជាច្រើនដែលគាំទ្រ ដោយដៃគូអភិវឌ្ឍន៍ និងរាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការផ្តល់ សេវាសាធារណៈជូនប្រជាពលរដ្ឋ។ គម្រោងអាហារូបត្ថម្ភនេះ គឺជាគម្រោងដ៏មានសារៈសំខាន់មួយដែល ជួយគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិលើការផ្តល់សេវាសុខភាពសាធារណៈ និងអាហារូបត្ថម្ភនៅកម្ពុជា ជាពិសេសគម្រោងនេះក៏ជាផ្នែកមួយនៃការចូលរួមអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា។ ឯកឧត្តមក៏បានណែនាំដល់
រដ្ឋបាលខេត្តគោលដៅទាំង៩ ដូចខាងក្រោម៖
១. រដ្ឋបាលខេត្តគោលដៅត្រូវ គ្រប់គ្រង ប្រើប្រាស់ និងថែទាំរថយន្តដែលបានប្រគល់ទាំង នេះឱ្យបានល្អ និងចំគោលដៅនៃការអនុវត្តសកម្មភាពនានាពាក់ព័ន្ធនឹងគម្រោងអាហារូបត្ថម្ភ នៅកម្ពុជា ជាពិសេសគាំទ្រដល់សកម្មភាពកសាងសមត្ថភាពរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ គោលដៅ ដើម្បីឱ្យរដ្ឋបាលទាំងនេះអាចផ្សព្វផ្សាយ និងជំរុញប្រជាពលរដ្ឋឱ្យទៅទទួល សេវាសុខាភិបាលនៅមណ្ឌលសុខភាព។
២. រដ្ឋបាលខេត្តគោលដៅទាំងអស់ត្រូវបន្តការយកចិត្តទុកដាក់ និងគាំទ្រដល់ការអនុវត្តគម្រោង អាហារូបត្ថម្ភនៅកម្ពុជានេះដល់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់គោលដៅ ដើម្បីឱ្យរដ្ឋបាល ទាំងនេះអនុវត្តសកម្មភាពនានានៃគម្រោងប្រកបដោយប្រសិទ្ធភាព តម្លាភាព ត្រឹមត្រូវតាម គោលការណ៍ និងនីតិវិធីនៃការអនុវត្តគម្រោង។
៣. រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់គោលដៅទាំងអស់ត្រូវពង្រឹងការទទួល ខុសត្រូវ និងការអនុវត្តនូវកិច្ចការដ៏មានសារៈសំខាន់នេះ ដើម្បីជាប្រយោជន៍ដល់ការលើក កម្ពស់សុខភាព របស់ស្ត្រី និងកុមារ ជាពិសេសគឺកុមារ។ ទន្ទឹមនេះ រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ត្រូវបន្តពង្រីក និងពង្រឹង ការទទួលបានសេវាសុខភាព និងសេវាអាហារូបត្ថម្ភ តាមរយៈការលើកកម្ពស់ការផ្តល់ ចំណេះដឹងដល់ប្រជាជន ឪពុកម្តាយដែលមានកូនអាយុក្រោម២ឆ្នាំ ការអប់រំទឹកស្អាត និង អនាម័យ ការផ្លាស់ប្តូរទម្លាប់រស់នៅប្រកបដោយអនាម័យល្អ ការលើកកម្ពស់ការយល់ដឹង និងពង្រឹងគុណភាពប្រព័ន្ធសុខាភិបាល ប្រព័ន្ធអប់រំ និងប្រព័ន្ធគាំពារសង្គម ៕