ព័ត៌មានជាតិ

ជំនួបពិភាក្សាការងាររវាង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងឯកឧត្តមឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា

 

(ភ្នំពេញ)÷ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបពិភាក្សាការងារ។

ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្ដូរមតិយោបល់យ៉ាងផុសផុលលើគម្រោងវិនិយោគមួយចំនួនរបស់វិនិយោគិនកូរ៉េ ដែលស្នើសុំការសម្របសម្រួលពីរដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការពិនិត្យ និងផ្ដល់ការណែនាំក្នុងកម្រិតបច្ចេកទេស សំដៅឱ្យគម្រោងវិនិយោគដែលគ្រោងនឹងដាក់ទុនចូលមកកម្ពុជាអាចទទួលបានលទ្ធផលជោគជ័យ។

លើកឡើងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ជម្រាបជូនអំពីវឌ្ឍនភាពនៃតំបន់សេដ្ឋកិច្ចពិសេស ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្ននេះមានចំនួន ២៦តំបន់កំពុងមានសកម្មភាពវិនិយោគ ដោយក្នុងនោះមានតំបន់សេដ្ឋកិច្ចចំនួន ២០តំបន់ដែលមានសេវាច្រកចេញចូលតែមួយពីក្រសួង-ស្ថាប័នពាក់ព័ន្ធ អាចសម្របសម្រួលដោះស្រាយបញ្ហានានារបស់វិនិយោគិនដោយផ្ទាល់បានផងដែរ៕