ព័ត៌មានជាតិ

ជំនួបពិភាក្សាការងាររវាង ឯកឧត្តម គង់ វិមាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.អ.ក. ជាមួយឯកឧត្តមសកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ

 

(ភ្នំពេញ)÷ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម គង់ វិមាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃ ក.អ.ក បានទទួលជួបជាមួយ ឯកឧត្តម លី ណាវុឌ្ឍ សកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។

អង្គជំនួបនាឱកាសនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងសកលវិទ្យាល័យប៊ែលធី អន្តរជាតិ ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើចក្ខុវិស័យលើកកម្ពស់ការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព ពិសេសធនធានមនុស្សរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជាដើម្បីផ្តល់ឱកាសដល់និស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ អាចសិក្សាស្វែងយល់បន្ថែមអំពីការអនុវត្តការងារជាក់ស្តែង និងការប្រព្រឹត្តទៅ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។

លើកឡើងក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តមអគ្គលេខាធិការ បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះសកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចំពោះចំណាប់អារម្មណ៍លើការសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ពិសេសមន្ត្រីក្រោមឱវាទ ក.អ.ក. ក៏ដូចជាការស្នើសុំបើកឱកាសឱ្យនិស្សិតរបស់សកលវិទ្យាល័យបានសិក្សាស្វែងយល់ និងអនុវត្តការងារជាក់ស្ដែងផងដែរ៕