(ភ្នំពេញ)÷នៅល្ងាចថ្ងៃសៅរ៍ ៥កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូក្រសួងចាកចេញពីរាជធានីភ្នំពេញ ដើម្បីអញ្ជើញបំពេញទស្សនកិច្ចទៅកាន់ប្រទេសបារាំង។
សូមជម្រាបថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូនាពេលនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ក្រុមហ៊ុនគ្រប់គ្រងទិន្នន័យ និងព្យាករណ៍អាកាសធាតុ Meteo France International និងក្រុមហ៊ុនផលិត Sterela Doppler Radar។ ទស្សនកិច្ចនេះនឹងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុង Toulouse នៃសាធារណរដ្ឋបារាំង។
គណៈប្រតិភូអមដំណើរឯកឧត្តមរដ្ឋមន្ត្រី រួមមាន ឯកឧត្តម ជីវ ស៊ុនហេង រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកអនុប្រធាននាយកដ្ឋាន លោកប្រធានមន្ទីរ និងមន្ត្រីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម សរុបចំនួន ១៤ រូប។
បើតាមឯកឧត្តមរដ្ឋលេខាធិការនាយកខុទ្ទកាល័យបានឱ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចរយៈពេល ៥ថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូគ្រោងនឹងអញ្ជើញទៅកាន់មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ និង ព្យាករណ៍អាកាសធាតុរបស់ប្រទេសបារាំង (Meteo-France) ក្នុងទីក្រុង Toulouse ដើម្បីស្វែងយល់ពី ប្រព័ន្ធគ្រប់គ្រងទិន្នន័យអាកាសធាតុ និងព្យាករណ៍អាកាសធាតុ ប្រព័ន្ធគ្រប់គ្រងទិន្នន័យធនធានទឹក ព្រមទាំងស្វែងយល់ពីបច្ចេកវិទ្យា និងសម្ភារបរិក្ខារទំនើប និងបទដ្ឋានបច្ចេកទេសក្នុងកិច្ចដំណើរការ និង គ្រប់គ្រងមជ្ឈមណ្ឌល។ ក្នុងឱកាសនោះ គណៈប្រតិភូក្រសួងធនធានទឹក និងឧតុនិយមនឹងជួបជាមួយ លោក Patric Benichou នាយកក្រុមហ៊ុន Meteo France International ផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា គណៈប្រតិភូដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រីក៏នឹងអញ្ជើញទៅកាន់ទីតាំងផលិត និងដំឡើងរ៉ាដាអាកាសធាតុ (Weather Doppler Radar) របស់ក្រុមហ៊ុន Sterela ដែលជាក្រុមហ៊ុនលំដាប់ពិភពលោក ដែលមានការិយាល័យកណ្តាល និងទីតាំងផលិត និងដំឡើងDoppler Radar ក្នុងទីក្រុង Toulouse។
ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា ក្រោយបញ្ចប់ទស្សនកិច្ចនៅប្រទេសបារាំង គណៈប្រតិភូនឹងទទួលបាននូវគំនិតថ្មីៗបន្ថែមទៀត សម្រាប់ការអភិវឌ្ឍមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក(NWRMDC) ដែលបច្ចុប្បន្នការងារសាងសាង់អាគារមជ្ឈមណ្ឌលសម្រេចបាន៦០% និងគ្រោងបញ្ចប់ជាស្ថាពរនៅ បំណាច់ ឆ្នាំ២០២៤នេះ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍ថា តាមរយៈទស្សនកិច្ចនេះ មន្ត្រីបច្ចេកទេសគ្រប់គ្រងទិន្នន័យធនធានទឹក និងព្យាករណ៍អាកាសធាតុនឹងអាចកំណត់បាននូវប្រភេទ លក្ខណៈ និងបទដ្ឋានបច្ចេទេសសមស្របមួយ សម្រាប់ការងារដំឡើងស្ថានីយរ៉ាដាអាកាសធាតុតេជោសែនទី២ ដែលគ្រោងនឹងសាងសង់ក្នុងពេលដ៏ខ្លីខាងមុខដោយក្រសួងធនធានទឹក និងឧតុនិយម ក្នុងតំបន់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ៕