(កំពង់ស្ពឺ)÷នារសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូក្រសួងនិងមន្ទីរ អញ្ជើញជួបសំណេះសំណាលជាមួយនាយនាវី នាយនាវីរង និងពលនាវី នៃបញ្ជាការដ្ឋានការពារកោះឆ្នេរ និងបាននាំយកអំណោយជាថវិកានិងគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់បញ្ជាការដ្ឋានប្រើប្រាស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
សូមជម្រាបថា បញ្ជាការដ្ឋានការពារកោះឆ្នេរ មានទីតាំងស្ថិតនៅក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាសម្ព័ន្ធមេត្រីភាពជាមួយនឹងក្រសួងធនធានទឹក និងឧតុនិយម តាំងពីឆ្នាំ២០០៣ រហូតមកដល់បច្ចុប្បន្ន។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់បងប្អូនកងទ័ព ដើម្បីបុព្វហេតុជាតិ មាតុភូមិ បូរណភាពទឹកដី ការពារសុខសន្តិភាព សេចក្តីសុខក្សេមក្សាន្ត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវ ជូនដល់ឯកឧត្តមឧត្តមនាវីឯក នាយនាវី នាយនាវីរង និងពលនាវីទាំងអស់ដែលកំពុងបម្រើការងារនៅក្នុងអង្គភាពបញ្ជាការដ្ឋានការពារកោះឆ្នេរ។
ក្នុងន័យបង្ហាញនូវការអរគុណ និងការដឹងគុណចំពោះវីរភាពបងប្អូនកងទ័ព ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា បាននាំយកអំណោយថវិកាចំនួន ៥០លានរៀល អង្ករ ៥តោន និងមីចំនួន ៦០កេស ជូនដល់បញ្ជាការដ្ឋានការពារកោះឆ្នេរប្រើប្រាស់។
ជាការឆ្លើយតប ឯកឧត្តមឧត្តមនាវីឯក មេបញ្ជាការនៃបញ្ជាការដ្ឋានការពារកោះឆ្នេរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជាគណៈប្រតិភូក្រសួង និងមន្ទីរ ដែលបានអញ្ជើញមកជួបសំណេះសំណាល និងបាននាំយកអំណោយមកឧបត្ថម្ភដល់ទីបញ្ជាការដ្ឋានផ្ទាល់ ដែលជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខ និងការរស់នៅប្រចាំថ្ងៃរបស់កងទ័ពទាំងអស់៕