(ឧត្តរមានជ័យ)÷នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព និងនាំយកអំណោយជាថវិកា និងសម្ភារៈជូនដល់កងទ័ពឈរជើងជួរមុខក្នុងទិសប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ និងលើកទឹកចិត្តដល់កងទ័ព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងខិតចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។
សូមជម្រាបថា ការចុះសួរសុខទុក្ខកងទ័ពនាពេលនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ព្រមទាំងអាជ្ញាធរថ្នាក់ក្រោមជាតិ និងយុទ្ធជននៃតំបន់ប្រតិបត្តិការទី៤ ទិសឧត្តរមានជ័យជាច្រើននាក់ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ តំណាងដ៏ខ្ពងខ្ពស់របស់ឯកឧត្តមរដ្ឋមន្ដ្រី ថោ ជេដ្ឋា បានយល់ព្រមតាមសំណើរបស់កងទ័ពជួរមុខផ្តល់ជូននូវស៊ីទែនទឹកចំណុះ៥០០០លីត្រ ចំនួន ១២គ្រឿងសម្រាប់ផ្គត់ផ្គង់តាមទីតាំងលេណដ្ឋាន ម៉ូទ័ររុញទឹកតាមចំនួនជាក់ស្តែង ម៉ាស៊ីនភ្លើងខ្នាតធំចំនួនពីរគ្រឿង និងសាងសង់លេណដ្ឋានដែលមានលក្ខណៈរឹងមាំតាមចំនួនជាក់ស្តែង។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមជូនដល់កងទ័ពជួរមុខទាំងអស់ និងបានបួងសួងសូមឱ្យទេវតាឆ្នាំថ្មីព្រះនាម មហោទរាទេវី តាមជួយថែរក្សា អភិបាល និងប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល ដល់កងទ័ពឈរជើងតាមព្រំដែនទាំងអស់សមប្រកបតែសេចក្តីសុខគ្រប់ពេលវេលា មានសុខភាពល្អជៀសផុតពីជំងឺគ្រប់ប្រភេទ និងទទួលបានជ័យជំនះថ្មីធំៗ បន្ថែមទៀតជូនជាតិមាតុភូមិ និងប្រជាជន៕