ក្រុងពោធិ៍សាត់ ថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក និងឧតុនិយម អមដោយឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយកកិច្ចការបច្ចេកទេស និងនាយកដ្ឋានជំនាញពាក់ព័ន្ធ បានជួបប្រជុំពិភាក្សាការងារជាមួយឯកឧត្តម ខូយ រីដា អភិបាល នៃគណ:អភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីគណៈបញ្ជាការឯកភាពខេត្តគ្រប់លំដាប់ថ្នាក់។
សូមជម្រាបថា កិច្ចប្រជុំនេះមានគោលបំណង ដើម្បីស្វែងរកដំណោះស្រាយចាំបាច់ចំពោះមុខ និងទៅអនាគត ក្នុងការលើកគម្រោងស្តារ និងជួសជុលឡើងវិញនូវប្រព័ន្ធធារាសាស្រ្តចារឹក ត្រង់ចំណុចប្រឡាយផ្ទះគរ ស្ថិតក្នុងស្រុកកណ្តៀង និងត្រង់ចំណុចសាលារៀន និងសាលាឃុំតាលោ ស្ថិតក្នុងស្រុកតាលោសែនជ័យ ដែលទទួលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនាពេលថ្មីៗកន្លងមក។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង រួមជាមួយរដ្ឋបាលខេត្ត ចុះពិនិត្យដល់ទីតាំងជាក់ស្តែងដែលទទួលរងនូវផលប៉ះពាល់លើហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ព្រមទាំងដីស្រែរបស់បងប្អូនប្រជាកសិករនៅជុំវិញតំបន់ទាំងនោះ។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានជម្រាបជូនថា ឯកឧត្តមរដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំក្រសួង ជាពិសេស រាជរដ្ឋាភិបាល តែងតែគិតគូរយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហាទុក្ខលំបាកជូនបងប្អូនប្រជាកសិករឱ្យបានទាន់ពេលវេលា។ ឯកឧត្តមបញ្ជាក់ថា ក្រុមការងារបច្ចេកទេសក្រសួង ព្រមទាំងនាយកដ្ឋានជំនាញនឹងចាប់ផ្តើមសិក្សាលម្អិត និងលើកគម្រោងជួសជុលបន្ទាន់ ហើយគ្រោងនឹងអនុវត្តការងារទាំងនេះនៅក្នុងឆ្នាំ២០២៤ និងឆ្នាំបន្តបន្ទាប់។
ជាការឆ្លើយតប ឯកឧត្តមអភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធបានសម្តែងនូវសេចក្តីសាទរនិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារបច្ចេកទេស ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួង ដែលតែងតែយកចិត្តទុកដាក់ខ្ពស់រាល់កិច្ចការងារអន្តរាគមន៍ពាក់ព័ន្ធនឹងការងារទឹកក្នុងពេលកន្លងមក ដើម្បីជួយសម្រួល និងដោះស្រាយនូវបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋទូទាំងប្រទេស៕