រាជធានីភ្នំពេញ៖ រសៀលថ្ងៃសៅរ៍ ៩រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួងសុខាភិបាល អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅវេលាម៉ោង ១០:៣៥ នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំក្រៃលែងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ សូមចូលរួមរំលែកទុក្ខ និងសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះមរណភាព ឯកឧត្តមអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា គឺជាការបាត់បង់នូវ លោកឪពុក ជីតា ជីតាទួត និងជាគ្រូបាធ្យាយគម្រូមួយរូបប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ ចំពោះក្រុមគ្រួសារ ជាពិសេសគឺជាការបាត់បង់ ថ្នាក់ដឹកនាំដ៏ឆ្នើម មានចក្ខុវិស័យវែងឆ្ងាយ គួរឱ្យគោរពប្រកបដោយបញ្ញាញាណ ឆន្ទៈមនសិកាជាតិ គតិបណ្ឌិត និងបទពិសោធន៍ខ្ពស់ ដែលបានតស៊ូពុះពារគ្រប់ឧបសគ្គ ដើម្បីជាប្រយោជន៍ដ៏ឧត្តុង្គឧត្តមសម្រាប់ជាតិមាតុភូមិ។
ក្នុងខណៈពេលវេលាដ៏សែនក្រៀមក្រំនេះ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ជា ចាន់តូ ឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។