ខេត្តកំពង់ចាម៖ រសៀលថ្ងៃសៅរ៍ ៩រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីបានបញ្ចប់ការចុះពិនិត្យមណ្ឌលសុខភាពសូរគងរួច និងបន្តដំណើរត្រលប់មករាជធានីភ្នំពេញ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឆ្លៀតចូលពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពស្តៅ ដោយការនឹករលឹក និងគាំទ្រផ្តល់កម្លាំងចិត្តដល់មន្រ្តីសុខាភិបាលក្នុងមណ្ឌលសុខភាព។
ក្នុងការចុះពិនិត្យនៅមណ្ឌលសុខភាពស្តៅនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កេតឃើញថា មានចំណុចល្អៗ និងឃើញមានលក្ខណៈពិសេសជាងមណ្ឌលសុខភាពសូរគង ដោយបុគ្គលិកបម្រើការងារមានការទទួលខុសត្រូវបានល្អ អនាម័យសណ្តាប់ធ្នាប់ល្អ មានសាមគ្គីភាពល្អ រួសរាយរាក់ទាក់ និងការទុកដាក់ឱសថសារវន្តបានល្អ។ ជាចំនុចពិសេសនៅមណ្ឌលសុខភាពនេះ មានបុគ្គលិកសុខាភិបាលម្នាក់ ដែលបានចូលនិវត្តន៍ហើយ ក៏នៅតែមានទឹកចិត្តជាគ្រូពេទ្យ ក្នុងការជួយសង្រ្គោះអាយុជីវិត នៅតែបន្តជួយដល់មណ្ឌលសុខភាព ដោយមិនគិតពីផលប្រយោជន៍ ដែលនេះបង្ហាញទឹកចិត្ត និងភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋ។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញការងារក្នុងនាមវិជ្ជាជីវៈគ្រូពេទ្យ ដោយលះបង់ទាំងកម្លាំងកាយចិត្ត និងស្មារតី បម្រើប្រជាពលរដ្ឋគ្រប់ពេលវេលា។ ក្នុងនោះ ឯកឧត្តមសាស្រ្តាចារ្យក៏បានលើកទឹកចិត្តដល់មន្រ្តីសុខាភិបាល ត្រូវពង្រឹងសមត្ថភាព កសាងទំនុកចិត្ត និងភាពជឿជាក់ជូនដល់ប្រជាពលរដ្ឋ ដោយឈរនៅលើគោលជំហរ សុវត្ថិភាព គុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌។