ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី

 

(កំពង់ចាម)៖នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជា គណៈអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម ដែលធ្វើឡើងនៅមន្ទីរផែនការខេត្ត។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ការងារដីធ្លីគឺជាការងារសំខាន់បំផុតដែលបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ របស់រដ្ឋាភិបាល ការគ្រប់គ្រងដី ការប្រើប្រាស់ ការបែងចែកដី និងការដោះស្រាយវិវាទដីធ្លីគឺជាកិច្ចការអាទិភាពមួយ​ ដែលអាជ្ញាធរខេត្តយកចិត្តទុកដាក់បំផុត។​

ឯកឧត្តមអភិបាលខេត្ត បានថ្លែងបន្តថា​ ក្នុងឆ្នាំ២០២៤នេះ ជាឆ្នាំទី១ នៃការអនុវត្តកម្មវិធីកំណែទម្រង់ដែលបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។​ ដូចនេះក្នុងឆ្នាំ២០២៤ យើងទាំងអស់គ្នា ត្រូវរួមគ្នាសម្រេចអោយបាននូវផែនការមួយចំនួនដែលមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តកំពង់ចាម បានដាក់ចេញនោះគឺការផ្តល់ប័ណ្ណកម្មសិទ្ធិជូនបង ប្អូនប្រជាពលរដ្ឋតាមរយៈការចុះបញ្ជីដីធ្លី ការរួមគ្នាដោះស្រាយនូវរាល់វិវាទដីធ្លី ការគ្រប់គ្រងសំណង់ និងការរៀប ចំផែនទីរដ្ឋបាល ការរៀបចំផែនការប្រើប្រាស់ដីខេត្តកំពង់ចាម និងរៀបចំផែនការប្រើប្រាស់ដី ឃុំ សង្កាត់ ជាដើម។​

ឯកឧត្ដមអភិបាលខេត្ត​ បានស្នេីដល់មន្ត្រីពាក់ព័ន្ធទាំងអស់​ដែលមានបទពិសោធន៍ល្អៗកន្លងមក ចូលរួមអនុវត្តនូវការងារ​ បន្តស្នាដៃផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនបងប្អូនប្រជាពលរដ្ឋដែលនៅសេសសល់ទូទាំងខេត្ត​ ពោលគឺត្រូវខិតខំចេញបណ្ណកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋ ព្រោះនៅពេលខាងមុខឆាប់ៗនេះ រដ្ឋបាលខេត្តកំពង់ចាមនឹងធ្វើពិធីបិទបញ្ចប់ការងារចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ​ តាមរយៈការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្រោមវត្តមានសម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏បានណែនាំដល់មន្ទីរ​ និងការិយាល័យជំនាញ​ ត្រូវសហការ​ឱ្យបានជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានស្រុក-ក្រុង-ឃុំ-សង្កាត់ អនុវត្តឱ្យតឹងរឹងបំផុត ចំពោះសំណង់ដែលសង់គ្មានច្បាប់អនុញ្ញាត្ត, សង់លើដីសាធារណៈរបស់រដ្ឋ, លើដីចំណី ផ្លូវ សង់ខុស នគរូបនីយបញ្ញាត្ត។ល។ តាមរយៈការអប់រំណែនាំឱ្យម្ចាស់សំណង់នោះធ្វើការកែតម្រូវករណីខុសឆ្គងផ្នែកបច្ចេកទេស និងមានវិធានការ​ផងដែរ​ ៕