(បន្ទាយមានជ័យ)៖មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ៖ អាងទឹកត្រពាំងថ្ម ស្ថិតនៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ហើយនាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃនេះ មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ទាំងក្នុងខេត្ត និងក្រៅខេត្ត បានមកកម្សាន្ត សរុបរួមប្រមាណ ១៩៨១២នាក់។
បងប្អូនប្រជាពលរដ្ឋ បាននាំគ្នារាំលេងផ្នែកខាងក្រោមអាង ជិះទូកលេង និងទស្សនាសត្វស្លាប និងទេសភាពក្នុងអាង ព្រមទាំងទទួលទានអាហារតាមខ្ចុះ ថតរូបភាព និងឡើងលើប៉មគយគន់ទេសភាពធម្មជាតិព្រៃភ្នំ ព្រៃឈើព័ទ្ធជុំវិញផ្ទៃអាងទាំងមូលដ៍ធំល្វឹងល្វើយ។
ក្រៅពីនេះក៏មានការធានាសុខសុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ផងដែរ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នអាងទឹកត្រពាំងថ្មមានបរិមាណទឹក៦០% ហើយស្របពេលដែលបើកបង្ហូរទឹកដើម្បីស្រោចស្រពស្រូវរបស់បងប្អូនប្រជាកសិករ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងអជ្ញាធរមូលដ្ឋានក៏បានអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋ ពីគ្រប់ទិសទីមកកម្សាន្តនាឱកាសបុណ្យភ្ជុំបិណ្ឌផងដែរ។