(ភ្នំពេញ)÷នៅព្រឹកថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នេះ លោកជំទាវ លៀង យុគ ថោជេដ្ឋា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំ និងមន្ត្រីខុទ្ទកាល័យ បាននាំយកថវិកាចំនួន ២ម៉ឺនដុល្លារអាមេរិក ជាថវិការបស់ឯកឧត្តមរដ្ឋមន្ត្រី និងមន្ត្រីរាជការក្រោមឱវាទ ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
សូមជម្រាបថា ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ខួបទី១៦១ ប្រារព្ធឡើងក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។
ឯកឧត្ដមរដ្ឋមន្ត្រី ថោ ជេដ្ឋា និងលោកជំទាវ តែងតែចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំ ជាមួយកាកបាទក្រហមកម្ពុជាក្នុងទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ ឧសភា ព្រមទាំងបានចូលរួមឧបត្ថម្ភថវិកាជួយដល់យុទ្ធនាការផ្សេងៗ របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាកម្មវិធីសប្បុរសជាច្រើនទៀត។
គួរបញ្ជាក់ថា សប្បុរសជនគ្រប់មជ្ឈដ្ឋានដែលមានសទ្ធាជ្រះថ្លាសូមចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ដើម្បីឱ្យសមាគមជាតិមួយនេះមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៕