ព័ត៌មានជាតិ

លោក នួន បូរ៉ាវ័ន្ត អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ទទួលបន្ទុកក្តាប់រួម បានអញ្ជើញចុះពិនិត្យសំណង់ទំនប់អាងទឹកដងកាំបិតដែលកំពុងសាងសង់ដោយក្រុមហ៊ុនចិន Guangdong

(កំពង់ធំ)÷រសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក នួន បូរ៉ាវ័ន្ត អនុប្រធានមន្ទីរក្តាប់រួម បានអញ្ជើញចុះពិនិត្យសំណង់ទំនប់អាងទឹកដងកាំបិត ដែលកំពុងសាងសង់ដោយក្រុមហ៊ុនចិន Guangdong ស្ថិតនៅភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
សូមបញ្ជាក់ថាដំណើរការនៃការសាងសង់ទំនប់អាងទឹកដងកាំបិតនេះ ត្រូវបានរៀបចំពិធីបើកការដ្ឋាន និងបញ្ជាគ្រឿងចក្រសាងសង់ តាំងពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤មកម្ល៉េះ ក្រោមអធិបតីភាព ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្រោមហិរញ្ញប្បទានសម្បទានពីធនាគារ អាហរ័ណ នីហរ័ណចិន (EXIMBANK) តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ហើយគិតមកដល់ពេលនេះគឺសម្រចបាន ៣០,២៥%។
ការសាងសង់ និងអភិវឌ្ឍន៍អាងទឹកដងកាំបិត គឺបានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការគ្រប់គ្រងទឹក បញ្ជាទឹក ដើម្បីធានាផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពផ្ទៃដីកសិកម្មនៅផ្នែកខាងក្រោម បង្កើនផលិតកម្មស្បៀង ព្រមទាំងធានាទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងក្នុងផ្នែកឧស្សាហកម្ម កសិកម្ម ក្នុងដំណាក់កាលនៃការប្រែប្រួលអាកាសធាតុ។