ព័ត៌មានជាតិ

ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា​ ​អញ្ជើញត្រឡប់មកដល់មាតុភូមិវិញ​ បន្ទាប់ពីបំពេញទស្សនកិច្ច​នៅប្រទេសបារាំង

 

(ភ្នំពេញ)÷នៅព្រឹកថ្ងៃសៅរ៍​ ១២កើត​ ខែចេត្រ​ ឆ្នាំ​រោង​ ឆស័ក ពុទ្ធសករាជ ២៥៦៧​ ត្រូវនឹងថ្ងៃទី២០ ខែមេសា​ ឆ្នាំ២០២៤​ នេះ ឯកឧត្តម​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រីក្រសួងធនធានទឹក​ និង​ឧតុនិយម​ និង​លោកជំទាវ​ បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​​ជាន់ខ្ពស់ក្រសួង​វិល​​ត្រឡប់មកកាន់មាតុភូមិវិញ​ បន្ទាប់ពីបំពេញ​ទស្សនកិច្ច​ប្រកប​ដោយ​ជោគជ័យ​​នៅសាធារណរដ្ឋបារាំង។​

សូមជម្រាបថា​ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម​រដ្ឋមន្ត្រី​ និង​គណៈប្រតិភូ​​បាន​អញ្ជើញ​​​ទៅ​ទស្សនកិច្ច​មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ​និង​ព្យាករណ៍​​អាកាស​​ធាតុ​របស់ប្រទេសបារាំង​ ដើម្បី​ស្វែង​យល់​ពីប្រព័ន្ធគ្រប់​គ្រង​ទិន្នន័យ​អាកាស​ធាតុ​និងព្យាករណ៍អាកាសធាតុ ប្រព័ន្ធ​គ្រប់​គ្រង​ទិន្នន័យ​ធនធានទឹក​ និង​​ស្វែងយល់​ពីបច្ចេកវិទ្យា សម្ភារ​បរិក្ខារ​ទំនើប និងបទដ្ឋាន​បច្ចេក​ទេស​ក្នុ​ងកិច្ច​ដំណើរការ និង​គ្រប់គ្រងមជ្ឈមណ្ឌល និង​បាន​ទៅទស្សនកិច្ច​​​ទីតាំង​ផលិត និងដំឡើង​រ៉ាដា​​​​អាកាសធាតុ​របស់​ក្រុមហ៊ុន Sterela ក្នុងទីក្រុង Toulouse ផងដែរ​។

ក្នុងឱកាសនោះ​ ឯកឧត្តម​រដ្ឋមន្ត្រីបានជួបជាមួយប្រធាន​​ក្រុមហ៊ុន Sterela Doppler Radar​ លោក Robert Bousquet ប្រធានទី​ភ្នាក់ងារ​ឧតុនិយម​អន្តរជាតិ​បារាំង លោក Patric Benichou និង​ប្រធាន​ទីភ្នាក់ងារ​ឧតុនិយម​នៃ​សាធារណរដ្ឋ​បារាំង លោក Jean-Marie ​។

ឯកឧត្តមរដ្ឋមន្ត្រី​បានជម្រាបភាគីបារាំង​ពី​តួនាទីដ៏សំខាន់របស់ក្រសួងធនធានទឹក​ និង​ឧតុនិយម​​ ក្នុង​អាណត្តិ​រាជរដ្ឋាភិបាល​នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និង​មាន​យុទ្ធសាស្ត្រ​ច្បាស់លាស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ ក្នុង​ការលើកកម្ពស់​ព័ត៌មាន​​ និងការគ្រប់គ្រងទិន្នន័យធនធានទឹក​។ ជាមួយគ្នានេះដែរ​ ឯកឧត្តមរដ្ឋមន្ត្រីក៏បាន​ជម្រាបភាគី​បារាំង​ពី​​គម្រោង​​​អភិវឌ្ឍ​មជ្ឈមណ្ឌលជាតិ​គ្រប់គ្រ​ង​ទិន្នន័យ​​ធនធានទឹក​(NWRMDC)​ ដែលទទួលបាន​ការគាំទ្រ​យ៉ាង​​​ខ្លាំង​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី(ADB)​ និង​ធនាគារ​វិនិយោគ​​​​អឺរ៉ុប​(EIB)​ បច្ចុប្បន្ន​នេះ​ការងារ​សាង​សង់​​អគារ​មជ្ឈមណ្ឌលកម្ពស់៥ជាន់​​សម្រេច​បាន​៦០% និងគ្រោង​បញ្ចប់​ជាស្ថាពរ​នៅដំណាច់ឆ្នាំ​២០២៤​​នេះ៕​