(ខេត្តកណ្តាល)៖នៅរសៀលថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានក្រុមការងារបច្ចេកទេសពិសេសទទួលបន្ទុកលើការកំណត់និយាមកា និងការរៀបចំផែនទីលម្អិតគម្រោងព្រែកជីកហ្វូណនតេជោ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកគម្រោងព្រែកជីកហ្វូណនតេជោ និងបិទបញ្ចប់ការកំណត់និយាមកា ព្រមទាំងបោះបង្គោលព្រំកំណាត់ទី១ប្រវែង២១គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រខេត្តកណ្តាល។
សូមជម្រាបថា ដំណើរចុះបេសកកម្មនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារបច្ចេកទេសពិសេសទទួលបន្ទុកលើការកំណត់និយាមកា និងការរៀបចំផែនទីលម្អិតគម្រោងព្រែកជីកហ្វូណនតេជោ ព្រមទាំងមានការចូលរួមពីសមាជិកនៃក្រុមការងារបច្ចេកទេសពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ឱ្យដឹងថា ដំណើរចុះបេសកកម្មពេលនេះ គឺដើម្បីបិទបញ្ចប់ការពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមតម្រាយគន្លងគម្រោងព្រែកជីកប្រវែង២១គីឡូម៉ែត្រ ចាប់ពីចំណុចព្រែកតាកែវនៃទន្លេមេគង្គ រហូតដល់ព្រែកពោធិ៍នៃទន្លេបាសាក់។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា ការងារនេះបានចាប់ផ្តើមអនុវត្តតាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ដែលគិតមកដល់បច្ចុប្បន្នមានរយៈពេល ១០ថ្ងៃគត់៕