ព័ត៌មានជាតិ

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យការធ្វើទំនើបកម្មស្ថានីយបូមទឹក និងប្រព័ន្ធធារាសាស្ត្រព្រែកពោធិ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម

 

 

(កំពង់ចាម)÷នៅថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយសហការីជាតិ និងអន្តរជាតិ បានអញ្ជើញចុះពិនិត្យស្ថានីយបូមទឹកទំនើបដើរដោយថាមពលអគ្គិសនី ដែលបំពាក់លើប្រព័ន្ធធារាសាស្ត្រព្រែកពោធិ ស្ថិតក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

សូមជម្រាបថា ការចុះពិនិត្យការងារនាពេលនេះក៏មានការចូលរួមពីប្រធាន អនុប្រធាន មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម អាជ្ញាធរថ្នាក់ក្រោមជាតិ ស្រុក ឃុំ ភូមិ គណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្រ្តព្រែកពោធិជាច្រើនរូបផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា ប្រព័ន្ធធារាសាស្រ្តព្រែកពោធិមានលទ្ធភាពស្រោចស្រពលើផ្ទៃដីជាង ៨ ០០០ ហិកតា លាតសន្ធឹងរហូតដល់ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលបម្រើឱ្យការងារស្រោចស្រពបានចំនួន៤ដង ក្នុងមួយ១ឆ្នាំ។ ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា ប្រព័ន្ធធារាសាស្រ្តនេះសាងសង់ឡើងដោយធ្វើទំនើបកម្មក្នុងលក្ខណៈគ្រប់ជ្រុងជ្រោយ មានដាក់ក្បាលម៉ាស៊ីនបូមចំនួន៧ ដល់បាតទន្លេមេគង្គ ដើម្បីធានាដល់ការផ្គត់ផ្គង់ទឹកបានគ្រប់រដូវកាលសម្រាប់គ្រប់វិស័យក្នុងខេត្តកំពង់ចាម និងខេត្តកណ្តាល។

គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយមបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ធនាគាវិនិយោគសហគមន៍អឺរ៉ុប(EIB) និងរដ្ឋាភិបាលនៃប្រទេសអូស្រ្តាលី DFAT ធ្វើការសាងសង់ប្រព័ន្ធធារាសាស្រ្តព្រែកពោធិនេះឡើងដោយមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាត្ ការឡើងកម្តៅនៃភពផែនដី និងធានាបាននូវសន្តិសុខទឹកសម្រាប់គ្រប់វិស័យ។ ក្រសួងនឹងបើកវគ្គបណ្តុះបណ្តាលជូនដល់មន្រ្តីរាជការពាក់ព័ន្ធទាំងអស់ និងអាជ្ញាធរដែនដីថ្នាក់ក្រោមជាតិគ្រប់កម្រិតលើវិធីសាស្រ្តប្រើប្រាស់ស្ថានីយបូមទឹកដ៏ទំនើបនេះ៕