ព័ត៌មានជាតិ

ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី ឈាង រ៉ា ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែតុលា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅកិច្ចការបន្ត ដោយឆ្លុះបញ្ចាំងពីលទ្ធផលនៃកិច្ចប្រជុំលើកទី ៧៥ របស់អង្គការសុខភាពពិភពលោកសម្រាប់តំន់ប៉ាស៊ីហ្វិកខាងលិច

 

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែតុលា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅកិច្ចការបន្ត ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ជម្រាបជូនដល់អង្គប្រជុំ ពីវឌ្ឍនភាព និងលទ្ធផលនៃការចូលរួមកិច្ចប្រជុំលើកទី ៧៥ របស់អង្គការសុខភាពពិភពលោកសម្រាប់តំន់ប៉ាស៊ីហ្វិកខាងលិច ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ដែលបានពិភាក្សា ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលប្រកបដោយភាពធន់ និងឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសុខភាពដែលកំពុងកើតមានឱ្យបានឆាប់រហ័ស។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុកគ្រប់ឋានុក្រម ជាពិសេសថ្នាក់ដឹកនាំនៅតាមបណ្តារាជធានី ខេត្ត បន្តបង្កើនការយកចិត្តទុកបន្ថែមទៀត ចំពោះសុខុមាលភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយចាត់តាំងក្រុមការងារ ក្នុងការពិនិត្យវាយតម្លៃ និងទទួលព័ត៌មានត្រឡប់វិញពីប្រជាពលរដ្ឋឱ្យបានជាប់ជាប្រចាំ។ ក្នុងការចុះពិនិត្យ-គាំទ្រមូលដ្ឋានសុខាភិបាល ត្រូវបន្តពិនិត្យនិងរៀបចំបច្ចុប្បន្នភាពគោលការណ៍ ឱ្យបានកាន់តែសមស្របទៅនឹងស្ថានការ ទាំងផ្នែកបច្ចេកទេស និងផ្នែកគ្រប់គ្រង ដូចជា ហេដ្ឋារចនាសម្ព័ន្ធ អនាម័យបរិស្ថាន ការធ្វើបដិសណ្ឋារកិច្ច ប្រព័ន្ធទំនាក់ទំនង ធនធានមនុស្ស ការគ្រប់គ្រងឱសថ និងជាពិសេសក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ណែនាំថ្នាក់ដឹកនាំគ្រប់កម្រិត យកចិត្តទុកដាក់លើជំងឺមិនឆ្លង លើអាហារូបត្ថម្ភនៅតាមសហគមន៍ ជាពិសេសសាលារៀន ដោយរៀបចំចងក្រងជាស្តង់ដានៃរបបអាហារ ក៏ដូចទម្លាប់នៃការរស់នៅប្រកបដោយសុខុមាលភាព ដោយត្រូវបង្កើតជាសារអប់រំសុខភាពជូនប្រជាពលរដ្ឋ ឱ្យកាន់តែយល់ដឹងបន្ថែមទៀត ក្នុងការថែរក្សាសុខភាព។