ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ជា ចាន់តូ

 

(ភ្នំពេញ)៖នៅព្រឹកថ្ងៃអាទិត្យ ១០រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមបណ្ឌិត ជា ចាន់តូ អគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ បានទទួលអនិច្ចកម្មនៅថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣៥ នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយជរាពាធ។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប បានសម្ដែងនូវសមានទុក្ខដ៏ក្រៀមក្រំ អាឡោះអាល័យ និងសោកសង្រេងក្រៃលែង ជាមួយលោកជំទាវ ជា សិរី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឯកឧត្តមបណ្ឌិត ជា ចាន់តូ ដែលត្រូវជាឪពុករបស់លោកជំទាវ។

មរណភាពរបស់ឯកឧត្តមបណ្ឌិត ជា ចាន់តូ គឺជាការបាត់បង់ឪពុក ឪពុកក្មេក និងជីតា ដែលប្រកបដោយព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូបប្រកបដោយឆន្ទៈ មនសិការជាតិ ពោរពេញទៅដោយបទពិសោធន៍ខ្ពស់ ដែលបានតស៊ូគ្រប់ឧបសគ្គលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីចូលរួមចំណែកយ៉ាងសកម្មដល់ការកសាង និងអភិវឌ្ឍប្រទេសជាតិឡើងវិញ ដោយបានធ្វើការកែទម្រង់ និងលើកកម្ពស់វិស័យផែនការ ក៏ដូចជាវិស័យធនាគារ តាមរយៈការធ្វើទំនើបកម្ម និងរក្សាបាននូវស្ថិរភាពប្រព័ន្ធធនាគារ និងរូបិយវត្ថុរហូតមកដល់សព្វថ្ងៃ។

ឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធឯកឧត្តមបណ្ឌិត ជា ចាន់តូ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕