(កំពង់ចាម)៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានដាក់ចេញនូវទិសដៅបន្តទប់ស្កាត់ និងបង្ក្រាបបទល្មើសនានារួមមាន ការជួញដូរចែកចាយ ប្រើប្រាស់ គ្រឿងញៀនខុសច្បាប់ បទល្មើសលួច-ឆក់-ប្លន់ ល្បែងស៊ីសងខុសច្បាប់ និងបន្តអនុវត្តផែនការសកម្មភាពជាប់ជាប្រចាំ ក្នុងការទប់ស្កាត់ និងបង្ក្រាបករណីក្មេងទំនើង នៅគ្រប់មូលដ្ឋានក្នុងខេត្តកំពង់ចាម។ ការថ្លែងបែបនេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឆ្នាំ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ក្រោមវត្តមានឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់ចេញនូវទិសដៅបន្តចុះពង្រឹងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ ឱ្យមានសមត្ថភាពគ្រប់គ្រាន់ ក្លាយជាកម្លាំង បង្អែករបស់ប្រជាពលរដ្ឋ និងជាកម្លាំងស្នូលពិត នៃចលនាភូមិ-ឃុំមានសុវត្ថិ ភាព ជាមួយនោះ ត្រូវយកចិត្តទុកដាក់ការងារកសាងទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល ឱ្យបានសមរម្យជាអង្គភាពរដ្ឋបាល ដើម្បីបម្រើសេវាសន្តិសុខ ជូនប្រជាពលរដ្ឋ ។
ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យបន្តយកចិត្តទុកដាក់ត្រួតពិនិត្យ និងលុបបំបាត់កន្លែងបញ្ចាំងវីដេអូអាសអាភាស និងល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ ។ ព្រមទាំងជំរុញការអនុវត្តន៍ផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការរត់ពន្ធ មនុស្ស ការធ្វើអាជីវកម្មលើមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ពិសេសយកចិត្តទុកដាក់ស្រាវជ្រាវ បង្ក្រាបលើករណីរំលោភសេពសន្ថវៈ ដោយមិនមានការសម្រុះសម្រួលឡើយ ។
ជាមួយគ្នានោះឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា ផែនការយុទ្ធសាស្ត្រស្តីពី ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ គឺដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព បរិយាប័ន្នសង្គម និងរស់នៅប្រកបដោយសុវត្ថិភាព ផាសុកភាព និង សុខដុមរមនាក្នុងសហគមន៍ដែលមានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម បរិស្ថាន ធនធានធម្មជាតិ និងអនាម័យល្អប្រសើរផងដែរ ៕