ព័ត៌មានជាតិ

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញបើក និងដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គលើកទី៣០ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយប្រទេសដៃគូអភិវឌ្ឍន៍លើកទី២៨

 

 

ក្រុងសៀមរាប ថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គសម្រាប់ឆ្នាំ២០២៣ បានអញ្ជើញចូលរួមបើក និងដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គលើកទី៣០ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយប្រទេសដៃគូអភិវឌ្ឍន៍គណៈកម្មការទន្លេមេគង្គលើកទី២៨។

កិច្ចប្រជុំនាពេលនេះមានការចូលរួមពីប្រធានគណៈប្រតិភូកម្ពុជា ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិមេគង្គកម្ពុជា លោកជំទាវ ប៊ូនខាំ វរៈជិត រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គឡាវ លោកបណ្ឌិត ស៊ូរ៉ាស្រ៊ី គិដធីមុនថុនអគ្គលេខាធិការគណៈកម្មាធិការជាតិទន្លេមេគង្គថៃ ឯកឧត្តម ឡឺ កុង ថាញ់ អនុរដ្ឋមន្ត្រីក្រសួងធនធាន ធម្មជាតិ និងបរិស្ថាន សមាជិកបម្រុងក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គតំណាងវៀតណាម ឯកឧត្តម អ៊ឹង គីមលាង អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និង ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងដៃគូអភិវឌ្ឍន៍ និងដៃគូសន្ទនាជាច្រើនទៀត។

ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គសម្រាប់ឆ្នាំ២០២៣ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាគណៈប្រតិភូនៃប្រទេសសមាជិកគណៈកម្មការទន្លេមេគង្គ តំណាងប្រទេសដៃគូសន្ទនា ដៃគូអភិវឌ្ឍន៍ និងអ្នកអង្កេតការណ៍ទាំងអស់ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ លើកទី៣០ និងកិច្ចប្រជុំរួមជាមួយក្រុមប្រទេសដៃគូអភិវឌ្ឍន៍គណៈកម្មការទន្លេមេគង្គលើកទី២៨ ក្នុងឆ្នាំ២០២៣នេះ។

ជាកិច្ចចាប់ផ្តើម ក្នុងនាមក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវការអបអរសាទរនិងវាយតម្លៃខ្ពស់ដល់គណៈកម្មការទន្លេមេគង្គឡាវ ក៏ដូចជារាជរដ្ឋាភិបាលនៃប្រទេសឡាវ ដែលបានរៀបចំកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ ដោយជោគជ័យ និងបានចេញនូវសេចក្តីថ្លែងការណ៍វៀងចន្ទ កាលពីក្នុងខែមេសាកន្លងទៅនេះ។ ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាក៏បានសម្តែងនូវការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់លោកនាយកប្រតិបត្តិ និងលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ចំពោះការសម្របសម្រួលកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសតាមដងទន្លេ និងធ្វើឱ្យការងារគណៈកម្មការទន្លេមេគង្គមានវឌ្ឍនភាពរីកចម្រើនទៅមុខ។

ឯកឧត្តមរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាបានលើកឡើងថា នៅក្នុងកិច្ចប្រជុំកំពូលបានទទួលស្គាល់នូវឱកាស និងបញ្ហាប្រឈមដែលកើតមានក្នុងអាងទន្លេមេគង្គ និងបានកំណត់នូវអាទិភាពចំនួនប្រាំពីរ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ។ សម្រាប់ឆ្នាំបន្ទាប់ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់ក្រុមប្រឹក្សាត្រូវមានការចាប់អារម្មណ៍ជាពិសេសចំពោះលទ្ធផលនៃផែនការបុរេសកម្មថ្នាក់តំបន់ និងគំនិតថ្មីៗ សម្រាប់គម្រោងវិនិយោគរួមគ្នា ដែលនឹងនាំមកនូវអត្ថប្រយោជន៍កាន់តែច្រើនដល់ប្រទេសតាមដងទន្លេ និងដោះស្រាយនូវបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ។

ក្រោមស្មារតីនៃកិច្ចសហប្រតិបត្តិការ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះការបន្តការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ពីដៃគូអភិវឌ្ឍន៍របស់គណៈកម្មការទន្លេមេគង្គសម្រាប់ផែនការអាទិភាព និងសកម្មភាពជាយុទ្ធសាស្ត្រនានា ដើម្បីរក្សាអាងទន្លេមេគង្គប្រកបដោយចីរភាព។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះប្រទេសដៃគូសន្ទនា នៅក្នុងសកម្មភាពរួមគ្នា ការសន្ទនា ការផ្លាស់ប្តូរ ការចែករំលែកព័ត៌មាននិងទិន្នន័យ ដែលបង្ហាញពីការជឿទុកចិត្តគ្នាយ៉ាងជ្រាលជ្រៅ ជាពិសេសការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសចិននិងមីយ៉ាន់ម៉ា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មការទន្លេមេគង្គ។

សូមជម្រាបថា ក្នុងកិច្ចប្រជុំនឹងបង្ហាញនូវព័ត៌មានបច្ចុប្បន្នភាពនៃវឌ្ឍនភាព ស្តីពីរបាយការណ៍ស្ថានភាពអាងទន្លេឆ្នាំ២០២៣ របស់គណៈកម្មការទន្លេមេគង្គ ដែលនឹងផ្តល់នូវរូបភាពរួមនៃស្ថានភាពអាងទន្លេមេគង្គ ដោយរាប់បញ្ចូលទាំងស្ថានភាពនាពេលកន្លងមក ពេលបច្ចុប្បន្ន និងនិន្នាការ នៃសុខភាពអេកូឡូស៊ី ស្ថានភាពសង្គម និងសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងកិច្ចសហប្រតិបត្តិការក្នុងចំណោមបណ្តាប្រទេសក្នុងអាងទន្លេ និងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តនីតិវិធីគណៈកម្មការទន្លេមេគង្គ សកម្មភាពសម្រាប់បណ្តាញពិនិត្យតាមដានទន្លេ និងស្ថានភាពជលសាស្ត្រ ឧតុនិយមនិងបរិស្ថាន នៅក្នុងអាងទន្លេមេគង្គក្រោមក្នុងឆ្នាំ២០២៣។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រូបរាង និងទ្រង់ទ្រាយនាពេលអនាគតរបស់អាងទន្លេគឺអាស្រ័យលើវិសាលភាពនៃកិច្ចសហប្រតិបត្តិការ ការបង្កើតផ្លូវរួមគ្នា ការអនុវត្តយុទ្ធសាស្ត្រដែលបានដាក់ចេញ និងការបង្កើតផែនការដែលអាចធ្វើសកម្មភាពរួមជាមួយគ្នា។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តកិច្ចសហការ និងការធ្វើការរួមគ្នាជាមួយបណ្តាប្រទេសមេគង្គផ្សេងទៀត សម្រាប់ការអភិវឌ្ឍអាងទន្លេមេគង្គប្រកបដោយចីរភាព និងមានភាពធន់៕