ព័ត៌មានជាតិ

ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញចុះពិនិត្យស្ថានភាពទឹកនៅតាមសណ្ដស្ទឹងព្រែកត្នោត និងប្រឡាយនានាក្នុងភូមិសាស្ត្រខេត្តកណ្តាល

 

(ខេត្តកណ្ដាល)៖នៅព្រឹកថ្ងៃសៅរ៍ ៣កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស បានដឹកនាំមន្ត្រីបច្ចេកទេស
ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល ចុះពិនិត្យស្ថានភាពទឹកនៅតាមសណ្ដស្ទឹងព្រែកត្នោត (តំបន់កំពង់ទួល និងតំបន់ពាក់ព័ន្ធ) និងតាមបណ្តាប្រឡាយនានា (ប្រឡាយ៩០ ប្រឡាយ៩៦…) ក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក៏បានណែនាំឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល និងមន្រ្តីបច្ចេកទេសនៃនាយកដ្ឋានជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការពិនិត្យតាមដានស្ថានភាពធាតុអាកាស ដើម្បីបង្កើន និងពង្រឹងសមត្ថភាពលើការគ្រប់គ្រងទឹកក្នុងក្របខណ្ឌអាងទន្លេ/ស្ទឹង តាមរយ:ការចែករម្លែកនិងផ្ដល់ព័ត៌មានពីបរិមាណទឹកភ្លៀង កម្ពស់ទឹក និងធារទឹក រវាងផ្នែកខាងលើ និងផ្នែកខាងក្រោម នៅតាមស្ទឹងព្រែកត្នោត ជាពិសេសការគ្រប់គ្រងទ្វារទឹកនៅក្នុងការប្រតិបត្តិការបិទបើកទឹក ដើម្បីពង្រឹងការគ្រប់គ្រងទឹកជំនន់ និងកាត់បន្ថយហានិភ័យ និងផលប៉ះពាល់នានាដែលអាចកើតមានឡើងជាយថាហេតុដល់បណ្តាតំបន់ភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ព្រមទាំងតំបន់ពាក់ព័ន្ធមួយចំនួនទៀត៕