ព័ត៌មានជាតិ

ឯកឧត្តម ឃ្លោក នួយ អភិបាល នៃគណៈអភិបាលរងខេត្ត អមដំណើរ ដោយលោកយឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធនទឹក និងឧតុនិយមខេត្ត បានចុះពិនិត្យអំពីវឌ្ឍនៈភាព នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ(គម្រោងកូរ៉េ)។

(បន្ទាយមានជ័យ)នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃ្លោក នួយ អភិបាល នៃគណៈអភិបាលរងខេត្ត អមដំណើរដោយលោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយម លោក ឡាយ សុទ្ធី អនុប្រធានមន្ទីរ និងក្រុមការងារបច្ចេកទេស នៃមន្ទីរធនធានទឹក និងឧតុនិយម បានធ្វើការចុះពិនិត្យអំពីវឌ្ឍនៈភាព នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ ដែលជាគម្រោងរបស់កូរ៉េ លើអាងទឹកចំនួន៣កន្លែង រួមមាន៖

១ – អាងទឹកកន្សែង ស្ថិតក្នុងឃុំ សឹង្ហ ស្រុកអូរជ្រៅ
– ភ្លឺទំនប់អាងប្រវែង ៧,១២០គម
– ផ្ទៃអាងមានទំហំ៨៣០ហិកតា
– បរិមាណទឹក ២២ ៨០០ ០០០ម៣
– លទ្ធភាពស្រោចស្រពស្រូវវស្សា ៦៣៦០ហិកតា
– លទ្ធភាពស្រោចស្រពស្រូវប្រាំង ១៣១០ហិកតា

២- អាងទឹកពង្រ ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត
– ភ្លឺទំនប់អាង ប្រវែង ៦,២៣គម
– ផ្ទៃអាងមានទំហំ ៤៥៦,៨ហិកតា
– បរិមាណទឹក ៧ ៩០០ ០០០ម៣
– លទ្ធភាពស្រោចស្រពស្រូវវស្សា ២៦០០ហិកតា
– លទ្ធភាពស្រោចស្រពស្រូវប្រាំងបាន ២២០ហិកតា

៣- អាងទឹកវាំងហែង ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ
-ភ្លឺទំនប់អាងប្រវែង ៧,០១គម
– ផ្ទៃអាងមានទំហំ ៣៤០ហិកតា
– បរិមាណទឹក ៦ ៩០០ ០០០ម៣
– លទ្ធភាពស្រោចស្រោពស្រូវវស្សា ២៥៧០ហិកតា
– លទ្ធភាពស្រោចស្រពស្រូវប្រាំង ២២០ហិកតា

គួរបញ្ជាក់ផងដែរថាគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យលើអាងទឹកទាំង៣នេះ មានទំនប់អាងទឹកប្រវែងសរុប ២០,៣៦គ.ម និងស្តារប្រឡាយមេ៦ខ្សែ មានប្រវែងសរុប ៨៧,៦០គ.ម ក្នុងនោះមានចាក់បេតុងប្រវែង៤០,១៦០គម និងសាងសង់សំណង់សិល្បៈការចំនួន ២០៧កន្លែង ហើយលទ្ធផលកំពុងអនុវត្តសម្រេចបានចំនួន ៣៩.៤៩% ធៀបទៅនឹងទំហំការងារ នៃគម្រោងទាំងមូល។