ព័ត៌មានជាតិ

ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ​ក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ និង​តែងតាំង​មុខតំណែងថ្មី​ជា​ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង

 

ខេត្ត​ស្ទឹងត្រែង​,​ នៅថ្ងៃព្រហស្បតិ៍​ ៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ​ តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួងធនធានទឹក និង​ឧតុនិយម​​​បានអញ្ជើញ​ជាអធិបតី​ក្នុងពិធីប្រកាសផ្ទេរ​ និង​តែងតាំង​មុខតំណែងថ្មី​ដល់​លោក លំ​ សេរីគុត ជាប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ស្ទឹងត្រែង​។

សូមជម្រាបថា​ ពិធីនេះ​មានការចូលរួមពី​ឯកឧត្តម​ថ្នាក់​ដឹកនាំជាន់ខ្ពស់​​​នៃក្រសួង​ធនធានទឹក និង​ឧតុនិយម​ ឯកឧត្តមប្រធាននិងលោកជំទាវ​សមាជិក​ក្រុម​ប្រឹក្សា​ខេត្តស្ទឹងត្រែង​​ ឯកឧត្តម​អភិបាលស្តីទី លោក​​អភិបាលរង ​​នៃគណៈអភិបាលខេត្ត​ស្ទឹងត្រែង​ ឯកឧត្តម​ប្រធាន​សាលាដំបូងខេត្ត និង​ឯកឧត្តម​ព្រះរាជអាជ្ញាអមសាលាដំបូង​​ស្ទឹងត្រែង​​​ លោក​នាយ​ក​​​រដ្ឋបាលសាលាខេត្ត​ លោក លោកស្រី ប្រធាន​មន្ទីរ​អង្គភាពជុំវិញខេត្ត​ លោកប្រធា​នក្រុម​ប្រឹក្សា​ក្រុង-ស្រុក លោកអភិបាល នៃគណៈអភិបាលក្រុង-ស្រុក​ និង​មន្ត្រីរាជការ​នៃមន្ទីរធនធានទឹក និង​ឧតុនិយម​​ជាច្រើនរូបផងដែរ។

ថ្លែងក្នុងអង្គពិធី​ ឯកឧត្តម​រដ្ឋលេខាធិការ​មានប្រសាសន៍ថា​ ពិធីនាថ្ងៃ​នេះពិតជាមានសារសំខាន់ដែលបាន​​ឆ្លុះបញ្ចាំងអំពី​ការទទួល​​ស្គាល់ និងការយកចិត្តទុកដាក់ខ្ពស់​របស់​ថ្នាក់ដឹកនាំ​ក្រសួងធនធានទឹក និង​ឧតុនិយម ក៏​ដូចជា​រាជរដ្ឋាភិបាលកម្ពុជា​ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះមន្ត្រីរាជការដែលមានស្នាដៃ គុណសម្បត្តិ សមត្ថភាព ឆន្ទៈ និងខិត​ខំ​ប្រឹងប្រែងក្នុង​ការបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានល្អប្រសើរ។

ជាមួយគ្នា​នោះដែរ​ ឯកឧត្តមរដ្ឋលេខាធិការ​​ បានផ្តាំផ្ញើដល់លោក លំ​ សេរីគុត ប្រធាន​មន្ទីរធនធានទឹក និងឧតុនិយម​ខេត្តស្ទឹងត្រែង​ដែលទើបទទួលបានការតែងតាំងថ្មីនេះ សូមបន្តខិតខំបំពេញភារកិច្ចដែល​ថ្នាក់លើប្រគល់​ជូនឱ្យ​អស់ពីកម្លាំងកាយចិត្ត​ ​និង​បន្ត​ដឹកនាំ​មន្ទីរឱ្យ​កាន់តែរីកចម្រើន​ថែមទៀត ​ដោយ​​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ បង្កើនសាមគ្គីភាពផ្ទៃក្នុង បង្កើនទំនាក់ទំនងល្អ​ជាមួយមន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ជាពិសេស​ជាមួយអាជ្ញាធរ​ដែនដី​គ្រប់លំដាប់ថ្នាក់ និង​ដៃគូ​អភិវឌ្ឍនានា​ទាំង​ជាតិ និងអន្តរជាតិ។

គួរបញ្ជាក់ថា​ លោក​ លំ​ សេរីគុត ត្រូវបានតែងតាំងជា​ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង ជំនួសលោក​ ប៉ាង ប៉េង​ ដែលត្រូវបានផ្ទេរភារកិច្ច​ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងធនធានទឹក និង​ឧតុនិយម​វិញ​ តាមសំណើរបស់សាមីខ្លួន​៕