ព័ត៌មានជាតិ

ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក និងនិយម អញ្ជើញ​​ជួបប្រជុំពិភាក្សាការងារស្តីពី​ការងារចុះបញ្ជី​អាងទឹកនៅទូទាំងប្រទេស​ជាមួយថ្នាក់ដឹកនាំនៃក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់

 

(ភ្នំពេញ)៖នារសៀលថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់​ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្នុងនាម​តំណាង​ឯកឧត្តម​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួងធនធានទឹក និង​ឧតុនិយម​ បានអញ្ជើញដឹកនាំគណ:ប្រតិភូ​ក្រសួង​ និង​មន្ទីរធនធានទឹក និង​ឧតុនិយម​ខេត្តពាក់ព័ន្ធ​​ ចូលរួមក្នុង​កិច្ចប្រជុំពិភាក្សាការងារចុះបញ្ជីអាងទឹកនៅទូទាំងប្រទេស​ ជាមួយថ្នាក់ដឹកនាំនៃក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់។​

សូមជម្រាបថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក​ អគ្គនាយករង​ ប្រធាននាយកដ្ឋានជំនាញពាក់ព័ន្ធ ប្រធាន និងអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពាក់ព័ន្ធ​ចំនួន ១១រួមមាន៖ ខេត្តកំពង់ស្ពឺ កណ្តាល កំពង់ចាម បន្ទាយមានជ័យ តាកែវ កំពត ពោធិ៍សាត់ ព្រៃវែង ត្បូងឃ្មុំ ព្រះវិហារ និងខេត្តបាត់ដំបង ព្រមទាំងមន្ត្រីបច្ចេកទេសនៃក្រសួងទាំងពីរ​ ដែលមានចំនួនសរុបប្រមាណ ៥០នាក់។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ឱ្យដឹង​ថា គោលបំណងចម្បងនៃកិច្ចប្រជុំនាពេលនេះ គឺដើម្បីស្នើសុំកិច្ចសហការ​ និងពិភាក្សាអំពីនីតិវិធីងាយស្រួលសម្រាប់ជាដំណោះស្រាយរួមគ្នាពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី-ខេត្ត​ ក្នុងការជំរុញពន្លឿនការចុះបញ្ជីដីអាងស្តុកទឹក និងអាងទឹកចំនួន ៤៣២ ដែលបាននិងកំពុងដំណើរការចុះបញ្ជី រួមទាំងអាងស្តុកទឹក និងអាងទឹកដែលនៅសេសសល់មិនទាន់បានចុះចំនួន ៨៩០ផ្សេងទៀត ដើម្បីរក្សាទុកជាសម្បត្តិសាធារណ:របស់រដ្ឋ​ សម្រាប់បម្រើជាប្រយោជន៍ដល់សាធារណជនប្រកបដោយចីរភាព​ និងនិរន្តរភាព។

សូមបញ្ជាក់ថា នៅទូទាំងប្រទេសមានអាងស្តុកទឹក និងអាងទឹកសរុបចំនួន ១ ៥៦២ ដែលចាំបាច់ធ្វើ​ការចុះបញ្ជី​ ក្នុងនោះមានចំនួន ២៤០​ បានចុះបញ្ជីរួច ចំនួន ៤៣២​ បាននិងកំពុងរៀបចំនីតិវិធីដំណើរការចុះបញ្ជី និងចំនួន ៨៩០​ មិនទាន់បានចុះបញ្ជី៕