(ភ្នំពេញ)៖នៅព្រឹកថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីអបអរសាទរ ទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ និងពិធីប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ក្រោមអធិបតីភាពឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ។
សូមជម្រាបថា ពិធីដ៏មានសារសំខាន់នេះប្រព្រឹត្តទៅនៅសាលមហោស្រពកោះពេជ្រ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ គ្រប់ក្រសួង ស្ថាប័ន រាជធានី-ខេត្ត អង្គទូត ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ ក្រុមហ៊ុនឯកជន និងបងប្អូនជនមានពិការភាព សរុបប្រមាណ ៤១៥០នាក់។
សូមបញ្ជាក់ថា ទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ ឆ្នាំ២០២៤ បានប្រព្រឹត្តទៅក្រោមប្រធានបទ បរិយាបន្នពិការភាពលើគ្រប់វិស័យ ក្នុងយុគសម័យបរិវត្តកម្មឌីជីថល ហើយពិធីនេះរៀបចំឡើងក្នុងគោលបំណងដើម្បីបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ជនមានពិការភាព ធានាដល់ការធ្វើបរិយាបន្ន និងចលនានៃវិស័យពិការភាព ដើម្បីទទួលបានស័ក្ដិសិទ្ធិភាពនៃការអនុវត្តច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្ដីពីសិទ្ធិជនពិការ និងផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព៕