(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានទទួលស្វាគមន៍ លោកវរសេនីយ៍ឯកពិសេស ថាំង ហាវ នាយការិយាល័យអនុព័ន្ធយោធាចិនប្រចាំនៅកម្ពុជា ដែលត្រូវចប់អាណត្តិ ចូលជួបសម្ដែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ នៅអគ្គបញ្ជាការដ្ឋាន។
នៅក្នុងជំនួបនោះ លោកវរសេនីយ៍ឯកពិសេស ថាំង ហាវ បានថ្លែងអំណរគុណ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ដែលបានផ្តល់ពេលវេលាដ៏មានតម្លៃអនុញ្ញាតិឲ្យការិយាល័យអនុព័ន្ធយោធាចិនចូលជួបសម្ដែងការគួរសម និងជម្រាបលានាឱកាសនេះ ព្រមទាំងបានសម្តែងនូវមនោសញ្ចេតនាអាឡោះអាល័យចំពោះអនុស្សាវរីយ៍ធ្លាប់បានបំពេញការងារនៅកម្ពុជាកន្លងមក។
លោកវរសេនីយ៍ឯកពិសេស ថាំង ហាវ បានធ្វើការកត់សម្គាល់ពីភាពជោគជ័យនៃការបំពេញភារកិច្ចរបស់លោកក្នុងរយៈពេលជិត ៣ឆ្នាំមកនេះ គឺដោយកត្តានៃការខិតខំប្រឹងប្រែងរបស់ការិយាល័យអនុព័ន្ធយោធាចិន ហើយមួយផ្នែកទៀតគឺកិច្ចសហការល្អរបស់ថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ ធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរសម្រេចបានសមិទ្ធផលយ៉ាងច្រើនគួរជាទីមោទនៈ។
លោកនាយការិយាល័យអនុព័ន្ធយោធាចិន បានគូសបញ្ជាក់ពីជំហររបស់ថ្នាក់ដឹកនាំចិន ចំពោះមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ ដោយចិនបានចាត់ទុកកម្ពុជា ជាទិសដៅសំខាន់ក្នុងផ្នែកការទូតជិតខាង រីករាយពួតដៃជាមួយភាគីកម្ពុជា ដើម្បីបង្កើតសហគមន៍រួម វាសនារួម រវាងប្រទេសចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។
ជាកិច្ចឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកវរសេនីយ៍ឯកពិសេស ថាំង ហាវ និងសហការី នៅក្នុងការរួមចំណែកលើកកម្ពស់ពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងកងទ័ពប្រទេសទាំងពីរឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។
ឯកឧត្តម អគ្គមេបញ្ជាការ បានវាយតម្លៃខ្ពស់ចំពោះគុណសម្បត្តិដ៏ធំធេងរបស់សាធារណរដ្ឋប្រជាមានិតចិន នៅក្នុងការជួយស្វែងរកសន្តិភាពនៅកម្ពុជា ការទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ក៏ដូចជាការជួយឧបត្ថម្ភគាំទ្រ អភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជាឲ្យរីកចម្រើន រួមចំណែកដល់ការពង្រឹងឯករាជ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម បានថ្លែងអំណរគុណដល់បក្ស រដ្ឋាភិបាលចិន ដែលបានចេញមុខជួយកម្ពុជានៅគ្រប់ការលំបាក ជាក់ស្តែងក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩ ចិនបានរួមចំណែកយ៉ាងសកម្មក្នុងការផ្តល់វ៉ាក់សាំង សម្ភារបច្ចេកទេស ថ្នាំពេទ្យ និងគ្រូពេទ្យដល់កម្ពុជា ធ្វើឱ្យកម្ពុជាអាចគ្រប់គ្រងជំងឺកូវីដ-១៩ និងសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋពីជំងឺដ៏កាចសាហាវនេះ។
លើវិស័យយោធា ឯកឧត្តម អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់កងទ័ពរំដោះប្រជាជនចិន ដែលបានផ្តល់កិច្ចសហការលើច្រើនវិស័យ ក្នុងនោះរួមមាន៖ ការជួយបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្លាស់ប្ដូរទស្សនកិច្ច ការផ្ដល់សម្ភារបរិក្ខារ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការធ្វើសមយុទ្ធយោធារួមគ្នា និងការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាមជាដើម។
ឯកឧត្តម អគ្គមេបញ្ជាការ គូសបញ្ជាក់ថា ទោះបីពេលនេះ លោកវរសេនីយ៍ឯកពិសេស បានចប់អាណត្តិហើយក៏ដោយ ក៏ទៅថ្ងៃអនាគតមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរនៅតែបន្តពង្រឹងបន្ថែមទៀត លើក្របខ័ណ្ឌ «កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» និងធ្វើឱ្យស៊ីជម្រៅលើការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី៕