ព័ត៌មានជាតិ

លោកជំទាវ តោ ពិឡា អញ្ជើញជាអធិបតីរៀបចំប្រារព្ធពិធីខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា និងខួបលើកទី២៣ ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៤ នៅក្នុងបរិវេណសាលាបឋមសិក្សាបឹងណាយ

(ខេត្តកំពង់ចាម)÷ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីរៀបចំប្រារព្ធពិធីខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា និងខួបលើកទី២៣ ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៤ នៅក្នុងបរិវេណសាលាបឋមសិក្សាបឹងណាយ ដោយមានការចូលរួមពីក្រុមការងារថ្នាក់ស្រុក,អាជ្ញាធរមូលដ្ឋានឃុំ,ប៉ុស្តិ៍រដ្ឋបាលឃុំ,មណ្ឌលសុខភាព,ប្រជាការពារ,លោកគ្រូ អ្នកគ្រូសិស្សានុសិស្សអនុវិទ្យាល័យត្រពាំងបឹង សាលាបឋមសិក្សាបឹងណាយ សាលាបឋមសិក្សាកុមារាជ្យ និងសាលាបឋមសិក្សាក្បាលដំរី អ្នកចូលរួមសរុបមានចំនួន ១.០២៧នាក់។

ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១ មិថុនា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ។ ឆ្នាំនេះក៏ដូចបណ្តាឆ្នាំមុនៗ ដែលរាជរដ្ឋាភិបាលបានចេញសារាចរណែនាំ និងសារលិខិតក្នុងឱកាសខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៤។

លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំបឹងណាយ មានប្រសាសន៍លើកឡើងថា ផ្តើមចេញពីព្រឹត្តិការណ៍នេះ យើងបានរួមគ្នាទប់ស្កាត់អំពើហិង្សា និងអំពើអមនុស្សធម៌ ដើម្បីថែរក្សា សន្តិភាពពិភពលោក និងជំរុញការអនុវត្តសិទ្ធិកុមារនៅគ្រប់ប្រទេស រីឯបញ្ហាពលកម្មកុមារ តែងតែកើតមាន ឡើងនៅតាមបណ្តាប្រទេសជាច្រើនលើសកលលោកក្នុងទម្រង់ដូចជា៖ ទាសករកុមារ ការជួញដូរកុមារ ពេស្យាកម្មកុមារ ការប្រើប្រាស់កុមារក្នុងជម្លោះប្រដាប់អាវុធ ការប្រើប្រាស់កុមារបម្រើការងារតាមផ្ទះ ការរំលោភ បំពានកុមារតាមប្រព័ន្ធអនឡាញ ។

លោកជំទាវ បានបន្តទៀតថា កុមារ គឺជាទំពាំស្នងឫស្សី កុមារគឺជាសសរទ្រូងសម្រាប់ប្រទេសជាតិ! បើយើងពិនិត្យ តាមលក្ខខណ្ឌធម្មជាតិ គឺទំពាំងអាចលូតលាស់បាន ហើយអាចក្លាយជាអ្នកស្នងឫស្សីបាន លុះត្រាតែមានឫស្សីស្រករមុន ការពារពីការបោកបក់នៃខ្យល់ ពោលគឺទំពាំងគង់វង្ស ឬក៏មិនគង់វង្ស អាស្រ័យលើការការពាររបស់ឫស្សី។ រីឯកុមារវិញក៏ដូចគ្នា កុមារ ត្រូវការការពារ ការចិញ្ចឹមបីបាច់ ថែរក្សាទំនុកបម្រុងផ្លុងផ្តើមពីមនុស្សចាស់ មនុស្សជំនាន់មុន។ បើចង់បានអ្នកស្នងប្រទេសជាតិ ដែលខ្លាំង រឹងមាំ ទាល់តែពង្រឹង និងសម្រួចតាំងពីនៅក្មេងៗ។ មានន័យថា កុមារ ត្រូវតែទទួលបានការថែទាំ អប់រំយ៉ាងយកចិត្តទុកដាក់ ទាំងទៅលើផ្នែកចំណេះដឹង ស្មារតី មនសិការស្នេហាជាតិ សីលធម៌នៅក្នុងការរស់នៅជាដើម។

សូមបញ្ជាក់ជូនថា ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១ មិថុនា ឆ្នាំនេះប្រារព្ធឡើងក្រោមប្រធានបទ “ការវិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្សក្នុងយុគសម័យបរិវត្តកម្មឌីជីថល” និងខួបលើកទី២៣ ទិវាពិភព លោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ក្រោមប្រធានបទ “រួមគ្នាអនុវត្តការប្តេជ្ញាចិត្តដើម្បីបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ” ។