(កំពង់ធំ)÷នៅថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៣ នៃស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានសម្តែងនូវការអបអរសាទរដល់សមាជិកដែលទទួលបានសេចក្តីទុកចិត្ត និងត្រូវបានតែងតាំងជាប្រធាន អនុប្រធាន សមាជិក និងសមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៣ នៃស្រុកស្ទោង នាពេលនេះ។
ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណជូនចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំទាំងអស់ និងគណៈកម្មាធិការគណបក្សស្រុក ដែលបានខិតខំសម្រេចបាននូវជោគជ័យដ៏ធំធេងគួរជាទីមោទនក្រៃលែង នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។
ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារបានលើកឡើងថា ភាពជោគជ័យនេះបានបង្ហាញយ៉ាងច្បាស់ពីការចូលរួមចំណែកយ៉ាងសកម្ម របស់សមាជិកគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំ និងស្រុកស្ទោងទាំងអស់ ដែលបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស និងកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល ព្រមទាំងជួយមូលដ្ឋានក្នុងការកសាងពង្រឹងគណបក្ស ពង្រឹងការគ្រប់គ្រងសមាជិកបក្សបានយ៉ាងច្បាស់លាស់និងរឹងមាំទាំងបរិមាណនិងគុណភាព ថែមទាំងជួយចលនានៅមូលដ្ឋានទាំងស្មារតីនិងសម្ភារៈ និងជួយសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារបានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាបិតាសន្តិភាពនៅកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រោមម្លប់នៃសន្តិភាព និងការឯកភាពជាតិ ប្រជាជនកម្ពុជាកំពុងរស់នៅយ៉ាងសុខដុមរមនា និងកំពុងឈានទៅមុខយ៉ាងស្វាហាប់ ប្រកបដោយក្តីសង្ឃឹម លើមាគ៌ាប្រជាធិបតេយ្យ និងការអភិវឌ្ឍលើគ្រប់វិស័យ។
ជាចុងក្រោយ ឯកឧត្តមប្រធានក្រុមការងារបានណែនាំដល់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំងអស់ ត្រូវបន្តចុះជាប្រចាំដល់មូលដ្ឋាន ដើម្បីក្តាប់សំណូមពរ តម្រូវការ និងបញ្ហាប្រឈមផ្សេងៗរបស់ប្រជាពលរដ្ឋ និងរួមគ្នាធ្វើការដោះស្រាយបញ្ហាដែលប៉ះពាល់ដល់ផលប្រយោជន៍ និងសតិអារម្មណ៍របស់ប្រជាជនឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕