(ខេត្តមណ្ឌលគិរី)៖នៅថ្ងៃនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគម្រោងអភិវឌ្ឍន៍ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និង ទំនប់សែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី ក្រុងសែនមនោរម្យ និងស្រុកអូររាំង នៃខេត្តមណ្ឌលគិរី ទទួលបាននូវសមិទ្ធផលធំៗចំនួន ៣ គឺទំនប់អូរតេធិបតី ដែលនៅចំពោះមុខនេះ ទំនប់សែនសុខដុម និង ទំនប់សែនមនោរម្យដោយចំណាយថវិកាសរុបប្រមាណ ៦២ លានដុល្លារអាមេរិក ក្រោមក្របខ័ណ្ឌឥណទានមូលនិធិទ្រទ្រង់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ហើយសមិទ្ធផលនេះបានកើតឡើង មិនមែនជាការចៃដន្យនោះទេ គឺបានមកពីកិច្ចខិតខំប្រឹងប្រែង និង សាមគ្គីភាព រួមទាំងការឯកភាពផ្ទៃក្នុង, ជាពិសេសកិច្ចសហការ ដ៏ល្អប្រពៃរវាង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងធនធានទឹក និង ឧតុនិយម ព្រមទាំង អាជ្ញាធរមូលដ្ឋាន និង ប្រជាពលរដ្ឋ, ហើយក៏បានស្តែងចេញនូវសមិទ្ធផលជាច្រើននៅ ទូទាំងប្រទេស និយាយជារួម និង និយាយដោយឡែក សមិទ្ធផលនៅខេត្តមណ្ឌលគិរី។
គម្រោងអភិវឌ្ឍន៍ធនធានទឹកសម្រាប់ពហុវិស័យនៅក្នុងខេត្តមណ្ឌលគិរីនេះ គឺជាផ្នែកមួយនៃផែនការមេរបស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីផ្គត់ផ្គង់ធនធានទឹកដល់គ្រប់វិស័យបម្រើដល់សេចក្តី ត្រូវការរបស់ខេត្ត ហើយបណ្តាអាងទឹកក្នុងតំបន់នេះក៏នឹងទាក់ទាញកំណើនទេសចរផងដែរ ៕