(ខេត្តមណ្ឌលគិរី)៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសចូលរួមក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទំនប់អូតេធិបតី ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ នៅខេត្តមណ្ឌលគិរី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឆ្លៀតសួរទុក្ខប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនាព្រឹកនេះ ដើម្បីសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងស្វែងយល់ពីសុខុមាលភាពរបស់ប្រជាពលរដ្ឋដែលរស់នៅតំបន់ភូមិភាគឦសាន និងជាពិសេសការបម្រើសេវារបស់មន្រ្តីសុខាភិបាល ក្នុងការទទួលបដិសណ្ឋារកិច្ច ការយកចិត្តទុកដាក់ និងក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ ដែលផ្តល់សេវានៅតាមមូលដ្ឋានសុខាភិបាល។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជួបសួរសុខទុក្ខមន្រ្តីសុខាភិបាលនៅតាមទីតាំងស្តង់រថយន្តគិលានុសង្រ្គោះដែលប្រចាំការ ដើម្បីត្រៀមលក្ខណៈជួយសង្រ្គោះបឋម ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងករណីមានបញ្ហាសុខភាពនៅក្នុងពិធី និងបានផ្តល់ជាការណែនាំដល់មន្រ្តីសុខាភិបាល ត្រូវបង្កើនការយកចិត្តទុកដាក់បម្រើសេវាជួយសង្រ្គោះឱ្យមានប្រសិទ្ធភាពខ្ពស់។