(ភ្នំពេញ)៖តបតាមការអញ្ជើញរបស់ស្ថានទូតអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង តំណាងរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃធ្វើទស្សនកិច្ចការងារផ្លូវការនៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ដើម្បីសិក្សាស្វែងយល់ការងារពាក់ព័ន្ធគោលនយោបាយការធ្វើសមាហរណកម្ម និងការធ្វើមាតុភូមិនិវត្តន៍ ក្នុងគោលបំណងពង្រឹងកិច្ចទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើការងារពាក់ព័ន្ធ។
អញ្ជើញចូលរួមក្នុងទស្សនកិច្ចនេះ រួមមាន ឯកឧត្តម អគ្គនាយករង លោកអនុប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ លោកអនុប្រធាននាយកដ្ឋាន លោកប្រធានការិយាល័យចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងតំណាងស្ថានទូតអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងតំណាងស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសអូស្ត្រាលីផងដែរ។