(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម និងឯកឧត្ដម ផេង គឹមស្រ៊ុន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ បាននាំយកពូជស្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ប្រមាណ ៨,៣តោន ផ្តល់ជូនប្រជាកសិករ ចំនួន ៨៣គ្រួសារ ដែលរងគ្រោះដោយគ្រោះរាំងស្ងួត និងជំនន់ទឹកទន្លេមេគង្គ នៅឃុំចំនួន៣ ក្នុងស្រុកជេីងព្រៃ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានសម្រេចផ្តល់នូវពូជស្រូវជាប្រព័ន្ធស្បៀងបំរុង កម្ពុជាចំនួន ៨.៣០០គីឡូក្រាម ជូនដល់បងប្អូនប្រជាកសិករ ៨៣គ្រួសារ ដោយក្នុង ១គ្រួសារ ចំនួន ១០០គីឡូក្រាម ដើម្បីធ្វើការដាំដុះស្តារឡើងវិញ បន្ទាប់ពីរងគ្រោះដោយគ្រោះរាំងស្ងួត និងជំនន់ទឹកទន្លេមេគង្គ នាពេលកន្លងមក ព្រមទាំងចាត់មន្ត្រីជំនាញឱ្យចុះបង្ហាត់បង្រៀនពីរបៀបនៃការដាំដុះផងដែរ ។
ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ក្រសួងកសិកម្មបានសំរិតសម្រាងពូជជូនហើយ គឺពូជស្រូវ OM5451 ជាពូជដែលមិនប្រកាន់ចំពោះរដូវកាលទេ ហើយរយៈពេលនៃការប្រមូលផលគឺ ៩០ទៅ៩៥ថ្ងៃ នេះជារយៈពេលខ្លី ដែលអាចទទួលបានទិន្នផលខ្ពស់ ដូច្នេះនៅពេលដែលបងប្អូនទទួលបានពូជស្រូវនេះហើយ សូមយកទៅធ្វើការដាំដុះឱ្យបានទាន់ពេលវេលា ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ ។
ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមចំណែកថែរក្សាអនាម័យ លំនៅដ្ឋាន តាមរយៈ ការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ដើម្បី ថែទាំសុខភាព កុំឱ្យមានជម្ងឺដង្កាត់ផ្សេងៗកេីតឡេីង ដែលនាំឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ ។
បេីតាមលោក ស៊ឹម គង់ អភិបាលស្រុកជើងព្រៃ បានឱ្យដឹងថា ឃុំចំនួន៣ ដែលត្រូវទទួលស្រូវពូជ នាឱកាសនេះរួមមាន៖ ឃុំរងគ្រោះរាំងស្ងួត មានចំនួន ២ឃុំ គឺឃុំព្រីងជ្រុំ មានចំនួន ២ភូមិ ស្មើនឹង ១០គ្រួសារ ផ្ទៃដីខូចខាតចំនួន ៥ហ.ត។ ឃុំត្រពាំងគរ មានចំនួន ១ភូមិ ស្មើនឹង ៥០គ្រួសារ ផ្ទៃដីខូចខាតចំនួន ៣៥ ហ.ត។ ឃុំរងគ្រោះជំនន់ទឹកទន្លេមេគង្គ ចំនួន ១ឃុំ គឺឃុំព្រៃចារ មានចំនួន ២ភូមិ ស្មើនឹង ២៣គ្រួសារ ផ្ទៃដីខូចខាតចំនួន ១៦ហ.ត។ សរុបទាំង ៣ឃុំ គឺមានចំនួន ៥ភូមិ ស្មើនឹង ៨៣គ្រួសារ ដែលមានផ្ទៃដីខូចខាតចំនួន ៥៦ ហ.ត ផងដែរ ៕