រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី៧ខែតុលាឆ្នាំ២០២៤នេះ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បុគ្គលិកនៃនាយកដ្ឋានផ្នែកលក់និងទីផ្សារ សហការជាមួយ នាយកដ្ឋានឥណទាននៃធនាគារ ARDB បានចូលរួមធ្វើបទបង្ហាញពីផលិតផល និងសេវាកម្មរបស់ធនាគារ នៅក្នុងវេទិកាលើកទី៤ ស្តីពី “ជំនួបសហគ្រិន ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ”ដែលរៀបចំដោយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា, សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។
វេទិការខាងលើនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារអូឡាំព្យាស៊ីធី ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពី ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងសហគ្រិនដែលជាម្ចាស់អាជីវកម្មប្រមាណ២៥០នាក់។
វេទិកាលើកទី៤នេះ ធ្វើឡើងមានគោលបំណងផ្តល់ជាវេទិកាពិភាក្សារវាងសហគ្រិន និងគ្រឹះស្ថានហិរញ្ញវត្ថុដើម្បីស្វែងរកអនុសាសន៍សម្រាប់លើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្ម ។
វេទិកានេះ បានផ្តោតសំខាន់លើដំណោះស្រាយឌីជីថលផ្នែកហិរញ្ញវត្ថុ និងរបៀបដែលសហគ្រិន ម្ចាស់អាជីវកម្ម ត្រៀមរៀបចំខ្លួនឱ្យបានល្អប្រសើរដើម្បីទទួលបាននូវហិរញ្ញប្បទាន និងគោលនយោបាយគាំទ្រការទទួលបានហិរញ្ញប្បទាន តាមរយៈការផ្តល់បទបង្ហាញ សិក្ខាសាលាតូចៗនិងកិច្ចពិភាក្សាតុមូលដែលមានការចូលរួមពីវាគ្មិន តំណាងមកពី វិស័យសាធារណៈ អ្នកជំនាញវិស័យហិរញ្ញវត្ថុ និងសហគ្រិនដែលមានបទពិសោធន៍ជាច្រើនឆ្នាំ៕