ព័ត៌មានជាតិ

ឯកឧត្តម ប៉ុញ សច្ចៈ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងចូលរួមវេទិកាមជ្ឈមណ្ឌលបៃតង(GGHK-24) នៅសាធារណរដ្ឋកូរ៉េ

 

ប្រទេសកូរ៉េ៖ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្ដម ហ៊ួង ស៊ុនថាន អគ្គាធិការ បានអញ្ជើញចូលរួមវេទិកាមជ្ឈមណ្ឌលបៃតង(GGHK-24) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០២៤ នៅទីក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េ។

ក្នុងអំឡុងពេលវេទិកានេះ ឯកឧត្តមរដ្ឋលេខាធិការបានអញ្ជើញថ្លែងសុន្ទរកថាស្ដីពីស្ថានភាពកម្ពុជាក្នុងការប្រើប្រាស់ និងគ្រប់គ្រងទឹកពាក់ព័ន្ធនឹងថាមពលបៃតងកកើតឡើងវិញ(Renewable energy ) និងការកាត់បន្ថយការភាយឧស្ម័នកាបូនិច តាមរយៈការគ្រប់គ្រងបានត្រឹមត្រូវរបស់គណៈកម្មាធិការគ្រប់គ្រងអាងទន្លេនៅតាមតំបន់ទីជម្រាល។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈប្រតិភូក៏បានជួបប្រជុំទ្វេភាគីជាមួយអនុរដ្ឋមន្រ្តីក្រសួងបរិស្ថានកូរ៉េ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនៃគម្រោងអភិវឌ្ឍន៍វិស័យធនធានទឹក ឆ្លើយតបទៅនឹងលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋកូរ៉េ កាលពីដើមខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ ដែលគម្រោងទាំងនោះរួមមាន៖ ទី១)មជ្ឈមណ្ឌលតាមដាន ជូនដំណឹង និងត្រួតពិនិត្យទឹកជំនន់ និងគ្រោះរាំងស្ងួតឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ទី២)គម្រោងចក្ខុវិស័យ និងវិបុលភាពទឹកកម្ពុជា និងទី៣)គម្រោងវារីអគ្គិសនីខ្នាតតូច ភ្ជាប់ជាមួយការបំពាក់សូឡានៅតាមអាងទឹកដែលមានសក្តានុពលធនធានទឹកទាញយកថាមពលខ្នាតតូចសម្រាប់បម្រើដល់សហគមន៍កសិករប្រើប្រាស់ទឹកនៅតាមប្រពន្ធ័ធារាស្ត្រ៕