ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តអញ្ជើញចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ៣កន្លែង និងការប្រមូលទិញស្រូវរបស់រោងម៉ាស៊ីនក្នុងស្រុក ស្ថិតនៅភូមិធំថ្មី ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ថ្ងៃទី១៥ ខែកញ្ញានេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) និង សហការីបានបន្តអញ្ជើញចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ៣កន្លែង និងការប្រមូលទិញស្រូវរបស់រោងម៉ាស៊ីនក្នុងស្រុក ស្ថិតនៅភូមិធំថ្មី ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ការចុះពិនិត្យពីខ្សែច្រវ៉ាក់ផលិតកម្មនៅក្នុងរោងម៉ាស៊ីនកិនស្រូវ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត កៅ ថាច គឺ ស្របពេលដែលកសិករនៅទូទាំងប្រទេស កំពុងតែមមាញឹកយ៉ាងខ្លាំងក្នុងការប្រមូលផលស្រូវ OM 54 51 ស្រូវស្រង៉ែនោះ ឯកឧត្តមបណ្ឌិតក៏បានស្នើសុំឲ្យរោងម៉ាស៊ីនបន្តប្រមូលទិញស្រូវពីកសិករបន្ថែមទៀត។

ជាមួយគ្នានេះក៏ជាពេលវេលាដ៏ល្អ ដែលកសិករយើងបាន និងត្រៀមខ្លួនក្នុងការប្រមូលផលស្រូវវស្សានៅពេលខាងមុខនេះ។ ទស្សនកិច្ចចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ រួមមាន ទី១ រោង ម៉ាស៊ីន ឆាយ គឹមទឹង ទី២ រោងម៉ាស៊ីន ហ្វាង វី ១៦៨ និងទី៣ រោងម៉ាស៊ីនកិនស្រូវ កៅង៉ែត ដែលកំពុងប្រមូលទិញស្រូវស្រង៉ែ និងOM 54 51 ពីប្រជាកសិករនៅទូទាំងខេត្ដបន្ទាយមានជ័យ ដើម្បីស្តុកទុក និងកែច្នៃនាំចេញក្រៅប្រទេស។

រោងម៉ាស៊ីនកិនស្រូវខាងលើគឺមានបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ ដែលមានសមត្ថភាពកិន និងកែច្នៃ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេសមិនចាញ់រោងម៉ាស៊ីនប្រទេសជិតខាងនោះទេ។