ព័ត៌មានជាតិ

ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) នៃប្រទេសបារាំង កោតសរសើរចំពោះវឌ្ឍនភាពក្នុងវិស័យសន្តិសុខសង្គម របស់កម្ពុជា

(ប៉ារីស) ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នេះ គឺជាដំណើរទស្សនកិច្ចសិក្សាថ្ងៃទី៣ នៅប្រទេសបារាំង ដែលគណៈប្រតិភូតំណាង ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ដឹកនាំដោយឯកឧត្តម គួច សុមាន រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមអមដំណើរដោយឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី បានទៅធ្វើទស្សនកិច្ចសិក្សាស្តីពីវិស័យសន្តិសុខសង្គម។

ក្នុងដំណើរទស្សនកិច្ចសិក្សានេះ គណៈប្រតិភូតំណាង ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បានបន្តទៅទស្សនកិច្ចសិក្សានៅទីស្នាក់ការកណ្តាលទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) នៃប្រទេសបារាំង។ ជាមួយគ្នានេះ អ្នកជំនាញនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ប្រចាំប្រទេសបារាំង បានធ្វើការកោតសរសើរអំពីវឌ្ឍនភាព នៃការលូតលាស់នៃវិស័យសន្តិសុខសង្គមរបស់ របស់កម្ពុជា និងគាំទ្រចំពោះការលើកឡើងថា ការផ្តល់នូវការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងវិស័យសន្តិសុខសង្គម ជាកត្តាចាំបាច់បំផុតនៅក្នុងពេលបច្ចុប្បន្ន និងអនាគតក្នុងការអភិវឌ្ឍស្ថាប័ន ប.ស.ស. ឆ្ពោះទៅរកភាពទំនើបកម្ម និងអាចបម្រើសមាជិកប្រកបដោយប្រសិទ្ធភាព ។

តាមរយៈដំណើរទស្សនកិច្ចសិក្សានេះ គឺបានបញ្ចាំងយ៉ាងច្បាស់អំពីការកសាង និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូក្នុងវិស័យសន្តិសុខសង្គម ជាមួយស្ថាប័ន និងគ្រឹះស្ថានក្នុងវិស័យសន្តិសុខសង្គម របស់ប្រទេសបារាំង និងវិស័យសន្តិសុខសង្គមរបស់កម្ពុជា។

គួរបញ្ជាក់ផងដែរថា៖ ក្នុងដំណើរទស្សនកិច្ចសិក្សានៅទីស្នាក់ការកណ្តាលទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) នៃប្រទេសបារាំង សម្រាប់ថ្ងៃទី៣នេះ ឯកឧត្តម គួច សុមាន រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៍បានធ្វើការបង្ហាញអំពីយុទ្ធសាស្រ្ត និងសកម្មភាពនៅក្នុងវិស័យសន្តិសុខសង្គមជូនទៅដល់ថ្នាក់ ដឹកនាំជំនាញនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ដែលមានភាពច្បាស់លាស់គ្រប់ជ្រុងជ្រោយប្រកបដោយ សុចនាករវាស់វែងត្រឹមត្រូវ និងបានសម្តែងនូវការអរគុណដល់ទីភ្នាក់ងាបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការ និងឧបត្ថម្ភគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសសម្រាប់ ប.ស.ស. កម្ពុជា និងសង្ឃឹមថានឹងបន្តកិច្ចសហប្រតិបត្តិការ និងឧបត្ថម្ភគាំទ្រ ទៅថ្ងៃអនាគតបន្ថែមទៀត ដើម្បីធ្វើឱ្យប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជាកាន់តែមានភាពល្អប្រសើរ និងមានវិសាលភាពទូលំទូលាយ ក៏ដូចជារួមចំណែកពង្រឹង និងពង្រីកកិច្ចគាំពារសង្គម និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ស្របទៅតាមកម្មវិធីគោលនយោបាយអាទិភាព នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាការរួមចំណែកគាំទ្រដល់ការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម (២០១៦-២០២៥) របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕