ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី​ ថោ ជេដ្ឋា​ អញ្ជើញជួបសំណេះសំណាល​ជាមួយលោកគ្រូ អ្នកគ្រូ​ សិស្សានុសិស្ស​ និង​ប្រគល់ម៉ូតូចំនួន​​ ១២គ្រឿង អំណោយ​សម្តេចធិបតីនាយករដ្ឋមន្ត្រី​ ជូន​​សិស្ស​ជ័យលាភីនិទ្ទេស A ឆ្នាំសិក្សា២០២៣-២០២៤ នៅទូទាំងស្រុកស្ទោង​

(ខេត្តកំពង់ធំ)៖នៅព្រឹកថ្ងៃសៅរ៍ ៨រោច​ ខែ​កត្តិក ឆ្នាំ​រោង​ ឆស័ក​ ពុទ្ធសករាជ ២០៦៨ ត្រូវនឹងថ្ងៃទី​២៣​ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ នេះ​ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង​ ឯកឧត្តម​រដ្ឋមន្ត្រី​​ ថោ ជេដ្ឋា ជា​សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធាន​​ក្រុម​ការងារ​គណបក្ស​ចុះមូលដ្ឋាន​ខេត្ត​កំពង់ធំ និង​ជាប្រធាន​ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង​ បានអញ្ជើញជួប​សំណេះ​សំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ​ សិស្សានុសិស្ស​ និងនាំយកម៉ូតូចំនួន ១២គ្រឿងអំណោយ​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ និង​លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ​ជូនដល់សិស្ស​​ដែលប្រឡង​ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ឆ្នាំសិក្សា២០២៣-២០២៤​ និទ្ទេស A ចំនួន១២នាក់​ នៅទូទាំង​ស្រុកស្ទោង​​​។

សូមជម្រាបថា ពិធីដ៏អធិកអធមនេះមានការចូលរួមពីក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំទាំង១៣ នៃស្រុក​ស្ទោង​ សមាជិក សមាជិកា គណៈកម្មាធិការគណបក្សស្រុក ក្រុមប្រឹក្សាស្រុក យុវជនស្រុក ក្រុមប្រឹក្សាឃុំ​ លោកគ្រូ អ្នកគ្រូ​ និង​សិស្សានុសិស្ស​ សរុបប្រមាណ ៨១៨នាក់។

ថ្លែងក្នុងអង្គពិធី​ ឯកឧត្តម​រដ្ឋមន្ត្រី​ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង​បានសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះ លោកគ្រូ​ អ្នកគ្រូ និង​សិស្សានុសិស្សទាំងអស់​ដែលខិតខំបង្រៀន និងប្រឹងប្រែង​​រៀនសូត្រ​​​ រយៈពេល​ ១២ឆ្នាំ​រហូត​ទទួលបាន​ជោគជ័យ​ នៅ​​​​ក្នុងការ​ប្រឡងសញ្ញាបត្រមធ្យមសិក្សា​​ទុតិយភូមិ ជាពិសេស​សិស្ស​និទ្ទេស​ A ទាំង​ ១២នាក់ ក្នុងស្រុកស្ទោង​ នា​សម័យ​ប្រឡងកាលពីថ្ងៃទី៨ និងថ្ងៃទី៩ ខែតុលា ឆ្នាំ​២០២៤ កន្លងទៅ​ ស្របតាមពាក្យ​ស្លោក «​អ្នកចេះ​ គឺ​ ជាប់»​ ។

ឯកឧត្តម​រដ្ឋមន្ត្រីបានបញ្ជាក់ថា​ លទ្ធផលនៃការសិក្សារបស់ក្មួយៗនៅពេល​នេះ គឺកើតឡើងដោយសារកត្តាប្រទេសមានសុខសន្តិភាព​ និង​ការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងមាន​ការចូលរួមពីសំណាក់គណៈគ្រប់គ្រងសាលា​ លោកគ្រូ អ្នកគ្រូ​ អាណាព្យាបាល​ និងក្មួយៗដោយ​ផ្ទាល់​ ហើយ​នៅ​ជំហាន​បន្ទាប់​​នេះ ក្មួយ​ៗនឹងត្រូវសម្រេចចិត្ត​បន្តការសិក្សា​នៅសាកលវិទ្យាល័យ ឬមហាវិទ្យាល័យ ដើម្បីទទួលបានចំណេះជំនាញ​ជា​ទំពាំងស្នងឫស្សីសម្រាប់ប្រទេសជាតិ និងជាធនធានមនុស្សដ៏សំខាន់នាថ្ងៃខាងមុខ។

ជាចុងក្រោយ ឯកឧត្តម​រដ្ឋមន្ត្រី​ប្រធានគណៈពង្រឹងមូលដ្ឋាន​ស្រុកស្ទោង​បាន​លើកទឹកចិត្តដល់​ក្មួយ​ៗសិស្សា​នុសិស្ស ឱ្យបន្តខិតខំសិក្សា​រៀនសូត្រ​ឱ្យ​បានខ្ជាប់ខ្ជួន​ និងចូលរួមប្រព្រឹត្តអំពើល្អ​ មាន​សុជីវធម៌ សីលធម៌ និងគុណធម៌ ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិយើងទាំងមូល និងត្រូវ​​ចងចាំជានិច្ចថា បើស្រឡាញ់ខ្លួន ស្រឡាញ់ក្រុមគ្រួសារឪពុកម្តាយ ហើយ​ចង់មានអនាគតរុងរឿង គឺត្រូវជៀសឱ្យ​ឆ្ងាយពីគ្រឿងញៀន និងជៀសវាងការប្រព្រឹត្តនូវ​អំពើអបាយមុខនានា​។​

ក្នុងឱកាសនោះ​ ឯកឧត្តមរដ្ឋមន្ត្រី​ប្រធានក្រុមការងារ​​ បានប្រគល់ជូន​សិស្សជ័យលាភីនិទ្ទេស A ចំនួន ១២នាក់ ក្នុងម្នាក់ៗ ទទួលបានម៉ូតូចំនួន​មួយគ្រឿង​ដែលជាអំណោយ​ដ៏ថ្លែថ្លា​របស់សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី​។ សិស្សានុសិស្ស​ចំនួន​ ៦០០នាក់ ម្នាក់ៗទទួលបានថិវកា ២ម៉ឺនរៀល លោកគ្រូ អ្នកគ្រូចំនួន ៥៤នាក់ ម្នាក់ៗ ទទួលបានថវិកា ៤ម៉ឺនរៀល​ និង​​វិទ្យាល័យរស្មីសោភណ្ឌ​ វិទ្យាល័យ​ហ៊ុនសែនចំណាលើ វិទ្យាល័យជាស៊ីម​ប្រឡាយ​ វិទ្យាល័យ​ហ៊ុនសែន​រុងរឿង​ ដែលវិទ្យាល័យនីមួយៗ​ទទួលបានថវិកាចំនួន ២លានរៀល។

សូមបញ្ជាក់ថា​ នៅក្នុង​ស្រុក​ស្ទោងមានវិទ្យាល័យចំនួន៤​ គឺ​វិទ្យាល័យរស្មីសោភណ្ឌ វិទ្យាល័យជាស៊ីម ប្រឡាយ វិទ្យាល័យហ៊ុនសែនរុងរឿង និងវិទ្យាល័យហ៊ុនសែនចំណាលើ មានសិស្សប្រ​ឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤ សរុបចំនួន​ ៦៨៣នាក់ ហើយ​ជាលទ្ធផល​សិស្ស​ប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ​សរុប​ ៦១១នាក់ ក្នុងនោះសិស្ស​ទទួលបាននិទ្ទេសAចំនួន​ ១២នាក់ មកពីវិទ្យាល័យរស្មីសោភណ្ឌ​ចំនួន​ ១១នាក់ និង​វិទ្យាល័យហ៊ុនសែនចំណាលើចំនួន ១នាក់៕